បាល់ទាត់៖ ចប់រដូវកាលក្របខណ្ឌអេស្ប៉ាញ La Liga មិនទាន់បានមួយខែផង Barcelona បាននាំចូលកីឡាករទីបីរបស់ខ្លួនគឺខ្សែការពារប្រេស៊ីល Emerson Royal ពី Real Betis។ តាមពិតទៅកីឡាករវ័យ ២២ឆ្នាំរូបនេះត្រូវបាន Barcelona ទាក់ទងទិញពីក្លិបប្រេស៊ីល Atletico Mineiro តាំងពីខែមករា ឆ្នាំ២០១៩ ក្នុងកិច្ចសន្យា ៣ផ្លូវដែលបូករួមទាំង Real Betis ផងដែរ ពោលគឺមុនមកដល់ Barcelona, Emerson ត្រូវចំណាយពេលពេញមួយរដូវកាលជាមួយ Real Betis សិន។

នៅពេលនេះលក្ខខណ្ឌដែលបានចងនេះបានបញ្ចប់មានន័យថា Emerson Royal ក្លាយជាកីឡាកររបស់ Barcelona ជាផ្លូវការ។ Emerson បានក្លាយជាកីឡាករទី៣ ហើយដែលមកដល់ Barcelona បន្ទាប់ពី Sergio Aguero និង Eric Garcia ពី Manchester City។ កីឡាករបន្ទាប់ដែលនឹងអាចមកដល់ទឹកដី Camp Nou បន្តទៀតអាចជាខ្សែបំរើហូឡង់ Georginio Wijnaldum ដែលនឹងផុតកិច្ចសន្យាជាមួយ Liverpool ចុងខែនេះ។ Emerson Royal បានបង្ហាញខ្លួនសរុបអោយ Real Betis ៧៩ប្រកួតរកបាន ៥គ្រាប់ និងបញ្ជូន ១០ ក្នុងតំណែងខ្សែការពារ។
Emerson ជាកីឡាករដែលលេងបានច្រើននាទីជាងគេ ក្នុងចំណោមកីឡាករ Real Betis រដូវកាលមុនក្រោមការដឹកនាំរបស់លោក Manuel Pellegrini ដែល Real Betis បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៦ មានកៅអីមួយនៅក្របខណ្ឌ UEFA Europa League៕
អត្ថបទ៖នាង សុភាវុធ