កំពង់ឆ្នាំង៖ ថ្មីៗនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេបញ្ឈប់នូវការបោះចោលសំរាមពាសវាលពាសកាល ការចាក់កាកសំណល់ពីសិប្បកម្ម ឬម៉ាស៊ីន និងសារធាតុពុលមួយចំនួនចូលក្នុងទឹកទន្លេ ស្ទឹង បឹង បួរ ព្រោះវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹក ដំណាំ ជីវចំរុះក្នុងទឹក ជាពិសេសសុខមាលភាពប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ទឹកទន្លេរាល់ថ្ងៃតែម្តង។
ឯកឧត្តមបានបន្តថា៖ ទឹកមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្ស សត្វនិងរុក្ខជាតិក្នុងការរស់នៅប្រចាំថ្ងៃ។ ការទំលាក់សំរាម ថង់ផ្លាស្ទីក សំបកដប កាកសំណល់ពីសិប្បកម្មលើទឹក ការបង្ហូរសំណល់ប្រេង ដែលសុទ្ធតែជាសារធាតុគីមីនិងជាតិពុលចូលទៅក្នុងទឹកទន្លេ វាបានធ្វើឱ្យខូចនូវគុណភាពទឹកបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់រុក្ខជាតិដំណាំដែលដាំដុះនៅតាមច្រាំងទន្លេ ស្ទឹង បឹងបួ ព្រែក ជីវិតជីវៈចម្រុះ ជាពិសេសគឺសុខភាពរបស់មនុស្សដែលរស់នៅតាមដងទន្លេ អ្នកប្រើប្រាស់ទឹកទន្លេ និងអាចឈានដល់ការកើតជម្ងឺផ្សេងៗរហូតបាត់បង់អាយុជីវិតទៀតផង ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលានោះទេ។ ដោយសារសារធាតុពុលពីសំរាម ការបង្ហូរកាកសំណល់ពីការធ្វើម៉ាស៊ីន និងសិប្បកម្មលើទឹកដែលយើងបោះចោលក្នុងទឹកទន្លេ ស្ទឹង បឹង បួរ រៀងរាល់ថ្ងៃ អាចធ្វើឱ្យទឹកបាត់បង់នូវអុកស៊ីសែន មួយចំនួន ធ្វើឱ្យជីវៈចម្រុះដែលរស់នៅក្នុងទឹកពិបាកក្នុងការដកដង្ហើមអាចបង្កឱ្យមានការបាត់បង់ជីវិត។ ម្យ៉ាងវិញទៀតសារធាតុពុលនៅក្នុងកាកសំណល់ទាំងអស់នោះ អាចធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធបន្ដពូជរបស់ជីវៈចម្រុះទៀតផង ដែលជាហេតុឈានទៅ រកការផុតពូជ។ កន្លងមក អាជ្ញាធរខេត្តស្រុកឃុំ និងមន្ទីរពាក់ព័ន្ធ បានចុះផ្សព្វផ្សាយបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ បឹង បួរ អោយពួកគាត់យល់ពីផលប៉ះពាល់ និងបញ្ហាគ្រោះថ្នាក់នៅពេលអនាគត ជាពិសេសអោយពួកគាត់បានចូលរួមសហការបញ្ឈប់នូវទម្លាប់បោះសំរាម និងការបង្ហូរកាកសំណល់មានសារធាតុពុលចូលទឹកទន្លេ ស្ទឹង បឹង បួរ អោយមកចេះវេចខ្ចប់ទុកដាក់សំរាម កាកសំណល់ពុលទាំងនោះនៅកន្លែងសុវត្ថិភាពដែលមន្ត្រីជំនាញបានណែនាំ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ នៅក្នុងសំរាម និងកាកសំណល់ទាំងអស់នោះ គឺមានសារធាតុពុលជាច្រើនដែលអាចបណ្ដាលឱ្យកើតមានជម្ងឺសើស្បែក ជម្ងឺភ្នែក ជម្ងឺផ្លូវដង្ហើម រលាកសួត ថ្លើម ជម្ងឺមហារីកជាដើម និងអាចបណ្ដាលឱ្យកើតជម្ងឺរលាកប្រព័ន្ធរំលាយអាហារជួនកាលអាចប៉ះពាល់ដល់ ប្រព័ន្ធសរសៃប្រសាទទៀតផង ដោយសារការឆ្លងតាមការប្រើប្រាស់ទឹកទន្លេ ស្ទឹង បឹង បួរ ព្រែកជាដើម។ សំរាម និងកាកសំណល់ទាំងនោះផ្ទុកទៅដោយមេរោគ និងសារធាតុពុលជាច្រើន។ នៅពេលវាឆ្លងចូលមកក្នុងខ្លួនមនុស្សវានឹងបង្កឱ្យមានជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន រលាកក្រពះ មហារីកស្បែកជាដើម។ ម្យ៉ាងវិញទៀតសារធាតុពុលនៅក្នុងសំរាម និងកាកសំណល់ដែលយើងបង្ហូរចូលទន្លេ ក៏អាចបង្កឱ្យមានផលប៉ះពាល់ទៅដល់សុខភាពបន្ដពូជខ្លាំងផងដែរ៕ ដោយ ៖ កាំង ហុងវាស្នា





