អ៊ីស្រាអែល ៖ ក្រុមវិនិយោគិន និងអ្នកវិភាគបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា ដែលកំពុងប្រតិបត្តិការនៅប្រទេសអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងពង្រឹងសន្តិសុខកាន់តែខ្លាំងជាងមុន ខណៈដែលក្រុមហ៊ុនទាំងនោះ អាចប្រឈមនឹងភាពរអាក់រអួល បន្ទាប់ពីខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាសមកពីតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់រយនាក់ និងបានចាប់ជាច្រើននាក់ផ្សេងទៀត ដែលមិនដឹងពីចំនួនពិតប្រាកដ។
សម្រាប់រយៈពេល ២-៣ទសវត្សរ៍មកនេះ ឧស្សាហកម្មបច្ចេកវិទ្យាទំនើបៗ គឺជាវិស័យដ៏រីកចម្រើនលឿនបំផុត នៅក្នុងប្រទេសអ៊ីស្រាអែល និងមានសារៈសំខាន់ណាស់ សម្រាប់កំណើនសេដ្ឋកិច្ច ដែលស្មើនឹង ១៤ភាគរយនៃការងារ និងស្ទើរតែ ១ភាគ៥នៃផលិតផល ក្នុងស្រុកសរុប។
តម្លៃភាគហ៊ុន និងមូលបត្ររបស់អ៊ីស្រាអែលបានធ្លាក់ចុះ ហើយអាជីវកម្មជាច្រើនត្រូវបានបិទ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បន្ទាប់ពីខ្មាន់កាំភ្លើងមកពីក្រុមហាម៉ាសប៉ាឡេស្ទីន បានវាយប្រហារលើទីក្រុងនានារបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ហើយពួកសកម្មប្រយុទ្ធក៏បានបាញ់មីស៊ីលរាប់ពាន់គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។
ក្នុងការវាយប្រហារនោះ គ្រាប់មីស៊ីលមួយចំនួនបានបាញ់ទៅដល់ទីក្រុង Tel Aviv ដែលជំរុញក្រុមហ៊ុនអាកាសចរណ៍ផ្អាកជើងហោះហើរទៅ និងមកពីអ៊ីស្រាអែល។ អ៊ីស្រាអែលបានសងសឹកដោយការវាយប្រហារតាមអាកាសលើគោលដៅក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ហើយមនុស្សរាប់រយនាក់ បានស្លាប់។
Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដែលប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) និងក្រាហ្វិកកុំព្យូទ័រ បាននិយាយថា ខ្លួនបានលុបចោលកិច្ចប្រជុំកំពូល AI ដែលគ្រោងធ្វើសម្រាប់ទីក្រុង Tel Aviv នាសប្តាហ៍ក្រោយ ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក Jensen Huang គ្រោងនឹងថ្លែងសន្ទរកថា។
អាគារប៉មរបស់ក្រុមហ៊ុនផលិតបន្ទះអេឡិកត្រូនិក ដែលមានមូលដ្ឋាននៅអ៊ីស្រាអែល ដែលផ្តល់ឲ្យអតិថិជននូវឧបករណ៍បន្ទះអេឡិកត្រូនិកអាណាឡូក និងសញ្ញាចម្រុះ ដែលមានសារៈសំខាន់ជាចម្បង សម្រាប់ឧស្សាហកម្មរថយន្ត និងអ្នកប្រើប្រាស់ បានឲ្យដឹងថា ក្រុមហ៊ុនដំណើរការជាធម្មតា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀត Meta Platforms, Alphabet និង Apple មិនឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ ខណៈក្រុមហ៊ុន Microsoft បានបដិសេធមិននិយាយអ្វីទាំងអស់៕

