អ៊ីស្រាអែល ៖ កាលពីថ្ងៃអាទិត្យម្សិលមិញ រថក្រោះអ៊ីស្រាអែល បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនជាមួយប្រទេសលីបង់ ស្របពេលដែលភាពតានតឹងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធដ៏មានអំណាចហេសប៊ូឡារបស់ប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារស្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីនមកលើអ៊ីស្រាអែល ។
ទំហំនៃការវាយប្រហារ ធ្វើឲ្យកើតមានក្តីបារម្ភថា ជម្លោះទ្រង់ទ្រាយធំជាងនេះ អាចនឹងផ្ទុះឡើងរវាងអ៊ីស្រាអែល និងភាគីប្រដាប់អាវុធផ្សេងទៀត ដែលប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងតំបន់ ដែលរួមទាំងក្រុមហេសប៊ូឡារបស់លីបង់ ដែលជាគណបក្សប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ធ្លាប់ប៉ះទង្គិចកាលពីមុនជាមួយអ៊ីស្រាអែល ។
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមហេសប៊ូឡា និយាយថា ពួកគេបានវាយប្រហារដោយរ៉ុក្កែតតម្រង់គោលដៅ និងគ្រាប់កាំភ្លើងទៅលើប៉ុស្តិ៍ត្រួតពិនិត្យ ៣កន្លែងនៅតំបន់ Shebaa Farms ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ។
កងទ័ពលីបង់និយាយថា គ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត ត្រូវបានបាញ់ចេញពីតំបន់ភាគខាងត្បូងប្រទេសលីបង់ ទៅលើដែនដីកាន់កាប់របស់លីបង់ ដោយពួកគេពុំបាននិយាយពីអ្នកដែលនៅពីក្រោយការវាយប្រហារនេះឡើយ ដោយគ្រាន់តែនិយាយថា ការបាញ់ទៅលើអ៊ីស្រាអែល បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានគ្រប់គ្រងតំបន់ Shebaa Farms ដែលមានផ្ទៃដី ៣៩គ.មក្រឡា ចាប់តាំងពីឆ្នាំ ១៩៦៧រហូតមក ។ ទាំងស៊ីរី និងលីបង់ បានអះអាងថា តំបន់ Shebaa Farms គឺជាទឹកដីរបស់លីបង់ ៕

