អ៊ីស្រាអែល ៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមឧទ្ទាមហេសប៊ូឡាលោក Hashem Safieddine បាននិយាយកាលពីថ្ងៃអាទិត្យថា កាំភ្លើង និងគ្រាប់រ៉ុក្កែតក្រុមប្រដាប់អាវុធរបស់លោក នៅជាមួយក្រុមជីវពលប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល ៧០០នាក់ ។
លោក Safieddine បាននិយាយអំឡុងពិធីជួបជុំគ្នានៅតំបន់កាន់កាប់ Dahieh របស់ក្រុមហេសប៊ូឡា ស្ថិតនៅតំបន់ជាយក្រុង Beirut របស់ប្រទេសលីបង់ ដើម្បីបង្ហាញសាមគ្គីភាពជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ថា ប្រវត្តិសាស្រ្តរបស់ពួកយើង កាំភ្លើងរបស់ពួកយើង និងគ្រាប់រ៉ុក្កែតរបស់ពួកយើង នឹងនៅជាមួយអ្នក ។ អ្វីៗដែលពួកយើងមាន គឺជារបស់អ្នក ។
ក្រុមអ្នកគាំទ្រ បាននាំគ្នាដង្ហែក្បួន ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅព្រឹត្តការណ៍នោះ ដោយពួកគេ គ្រវីទង់ជាតិ និងស្រែកពាក្យស្លោក ។
នៅក្នុងសញ្ញាដែលថាជម្លោះមួយនេះ នឹងរីករាលដាលផុតតំបន់ហ្គាហ្សា អ៊ីស្រាអែល និងក្រុមជីវពលហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់របស់លីប៊ី បានផ្លោងគ្រាប់កាំភ្លើងធំ និងរ៉ុក្កែតដាក់គ្នាកាលពីថ្ងៃអាទិត្យម្សិលមិញ ។
សូមបញ្ជាក់ថា ក្រុមហេសប៊ូឡារបស់លីបង់ បានធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល កាលពីឆ្នាំ ២០០៦ ហើយភាពតានតឹងបានឡើងកម្តៅខ្លាំង ចាប់តាំងពីពេលនោះរហូតមក ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល និយាយថា ពួកយើងបានណែនាំឲ្យក្រុមហេសប៊ូឡា មិនត្រូវមកកន្លែងនេះទេ ហើយលោកគិតថា ពួកគេនឹងមិនធ្វើតាមនោះទេ ៕


