ឥណ្ឌា ៖ រថយន្តក្រុងទេសចរណ៍ដឹកអ្នកដំណើរ ៣៣នាក់ នៅទីក្រុងភាគខាងជើង Nainital ប្រទេសឥណ្ឌា បានបាត់បង់ម្ចាស់ការ និងធ្លាក់ចូលជ្រោះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃអាទិត្យ ។
ក្រុមជួយសង្រ្គោះ មកពីនាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ ក្រុមនគរបាលក្នុងស្រុក និងមូលនិធិជួយសង្រ្គោះគ្រោះមហន្តរាយរដ្ឋ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ហើយបានចុះប្រតិបត្តិការជួយសង្រ្គោះ និងរុករក ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តបានធ្វើដំណើរមកពីរដ្ឋភាគខាងជើង Haryana និងបានផ្ទុកអ្នកដំណើរលើសចំណុះ ។ ជនរងគ្រោះរួមមានទាំងស្រ្តីជាច្រើននាក់ និងកុមារផងដែរ ។
លោក Prahlad Narayan Meenaគឺជាស្នងការនគរបាលក្រុង Nainitalបាននិយាយថា ពួកយើងទទួលបានព័ត៌មានពីការរថយន្តក្រុងបើកធ្លាក់ចូលជ្រោះនៅតំបន់ Nalini ។
លោកបន្តថា មកទល់នឹងពេលនេះ ពួកយើងសង្រ្គោះបានមនុស្ស ២៨នាក់ ហើយនិងមានមនុស្សមួយចំនួន ប៉ុន្មាននាក់ទៀត បានជាប់ខ្លួនក្នុងបំណែករថយន្តក្រុង ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌា មាននូវប្រវត្តិផ្លូវដ៏គ្រោះថ្នាក់ស្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោក បណ្តាមកពីអ្នកបើកបរគ្មានការបណ្តុះបណ្តាលត្រឹមត្រូវ ការពង្រឹងច្បាប់ធូររលុងខ្លាំង ផ្លូវហាយវ៉េទ្រុឌទ្រោមខ្លាំង ហើយរថយន្តពុំបានឆ្លងកាត់ការធ្វើតេស្តស្របតាមបទដ្ឋានស្តង់ខ្ពស់ ៕

