រុស្ស៊ី ៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពានាវឲ្យមានការបញ្ចប់ភ្លាមៗការប្រយុទ្ធគ្នារវាងកម្លាំងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ អំឡុងជំនួបនៅទីក្រុងម៉ូស្គូ ជាមួយប្រធានក្រុមសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit ។
លោក Lavrov បន្តថា រុស្ស៊ី និងក្រុមសម្ព័ន្ធអារ៉ាប់ អាចជួយបញ្ឈប់ការបង្ហូរឈាមគ្នានៅអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន ។
លោកនិយាយថា លោកមានជំនឿចិត្តខ្លាំងណាស់ថា រុស្ស៊ី ក្រុមសម្ព័ន្ធអារ៉ាប់ សមាជិកទាំងអស់របស់អង្គការមួយនេះ អាច និងត្រូវតែរួមចំណែកដោះស្រាយបញ្ហា ។ សំខាន់ជាងគេបំផុត គឺត្រូវតែបញ្ចប់ការបង្ហូរឈាមគ្នា បញ្ចាប់ការឈឺចាប់របស់ជនស៊ីវិល ។
លោក Lavrov និយាយថា ពួកយើងបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើរួមគ្នាជាមួយអ្នករាល់គ្នា និងរួមគ្នាជាមួយប្រទេសដទៃទៀត ដែលចាប់អារម្មណ៍ដោយស្មោះ ក្នុងការបង្កើតសន្តិភាពប្រកបដោយចីរភាព នៅតំបន់មជ្ឈិមបូព៌ា ហើយនិងធានាសន្តិសុខរបស់ប្រទេសទាំងអស់នៅក្នុងតំបន់ ដោយគ្មានលើកលែងណាមួយឡើយ រួមទាំងរដ្ឋប៉ាឡេស្ទីន ការបង្កើតគឺត្រូវការយ៉ាងចាំបាច់ដូចដែលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ដោយឡែក លោក Gheit បានអំពាវនាវផងដែរឲ្យបញ្ចប់ការប្រយុទ្ធគ្នា ប៉ុន្តែលោកនិយាយថា អំពើហិង្សាបែបនេះ នៅតែបន្តកើតមាន ដរាបណាតែបញ្ហាប៉ាឡេស្ទីន ត្រូវបានដោះស្រាយជាមុនសិន ៕

