អុីស្រាអែល ៖ សម្តេចប៉ាប Francis បានអំពាវនាវឲ្យបញ្ចប់ការវាយប្រហារ និងអំពើហិង្សានៅអ៊ីស្រាអែល ដោយទ្រង់បានមានព្រះបន្ទូលថា អំពើភេរវកម្ម និងសង្រ្គាម នឹងមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ ហើយមានតែនាំមកនូវការឈឺចាប់ និងស្លាប់មនុស្សគ្មានកំហុសតែប៉ុណ្ណោះ ។
នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់ព្រះអង្គទៅកាន់ក្រុមអ្នកកាន់ជំនឿនៅទីលានចតុរង្គ St. Peter សម្តេចប៉ាប បានមានព្រះបន្ទូលថា ទ្រង់តាមដានដោយក្តីបារម្ភ និងទុក្ខព្រួយចំពោះរឿងរ៉ាវកំពុងកើតឡើងនៅអ៊ីស្រាអែល ។
ព្រះអង្គបានមានព្រះបន្ទូលថា សូមបញ្ឈប់ការវាយប្រហារ និងទម្លាក់អាវុធចុះ ដោយសារយើងត្រូវយល់ថា អំពើភេរវកម្ម និងសង្រ្គាមគ្មាននាំមកនូវដំណោះស្រាយនោះទេ ប៉ុន្តែមានតែនាំមកនូវសេចក្តីស្លាប់ និងការឈឺចាប់របស់មនុស្សដែលគ្មានកំហុសប៉ុណ្ណោះ ។
ទ្រង់មានព្រះបន្ទូលទៀតថា ព្រះអង្គសូមបង្ហាញសាមគ្គីភាពជាមួយសាច់ញាតិជនរងគ្រោះ និងព្រះអង្គសូមធ្វើអធិស្ឋានដល់អ្នកដែលឆ្លងកាត់ពេលវេលាភ័យរន្ធត់ និងឈឺចាប់ ។ សង្រ្គាមគឺជាបរាជ័យ រាល់សង្រ្គាមទាំងអស់ គឺជាបរាជ័យ ។ សូមពួកយើងអធិស្ថានសម្រាប់សន្តិភាពនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន ៕

