អង់គ្លេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយថា លោកនឹងធ្វើជាប្រធានកិច្ចប្រជុំនៃគណៈកម្មាធិការឆ្លើយតបគ្រាអាសន្ន COBRA របស់រដ្ឋាភិបាល ដើម្បីពិភាក្សាអំពីអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី៩ ខែតុលា) នេះ។
លោក Sunak បាននិយាយពីទីក្រុង Nottingham នៅតំបន់កណ្តាលនៃប្រទេសអង់គ្លេស បាននិយាយថា លោកបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា ចក្រភពអង់គ្លេសនឹង «ផ្តល់ការគាំទ្រគ្រប់យ៉ាង ដែលប្រទេសនេះត្រូវការ»។
នៅថ្ងៃចន្ទនេះ កងទ័ពអ៊ីស្រាអែលនៅតែបន្តប្រយុទ្ធ ដើម្បីបោសសម្អាតខ្មាន់កាំភ្លើងក្រុមហាម៉ាស ក្នុងរយៈពេលជាង ២ថ្ងៃ បន្ទាប់ពីក្រុមនេះបានសម្រុកចូលឆ្លងកាត់តាមរបងព្រំដែនពីតំបន់ហ្គាហ្សាទៅបាញ់រះយ៉ាងកម្រោល រហូតបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតជាច្រើននាក់ ហើយកងទ័ពបាននិយាយថា ខ្លួននឹងបន្តការវាយបកឆាប់ៗនេះ បន្ទាប់ពីមានការកេណ្ឌទ័ពដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
ការប្រយុទ្ធគ្នាបានបន្តមានយ៉ាងខ្លាំងក្លានៅទីតាំងជាច្រើន ក្នុងប្រទេសអ៊ីស្រាអែល ដែលក្រុមសកម្មប្រយុទ្ធ នៅតែសម្ងំលាក់ខ្លួន បន្ទាប់ពីបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ចំនួន ៧០០នាក់ និងចាប់ជាចំណាប់ខ្មាំងរាប់សិបនាក់ទៀត នៅក្នុងការវាយឆ្មក់មួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមនៃភាពខ្លាំងមិនអាចបំបែកបានរបស់អ៊ីស្រាអែល៕

