ថៃ ៖ ពលរដ្ឋថៃ ១២នាក់ ត្រូវបានសម្លាប់ និង ១១នាក់ផ្សេងទៀត ត្រូវបានចាប់ជម្រិតដោយក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារទ្រង់ទ្រាយធំចេញពីតំបន់ហ្គាហ្សា មកលើទឹកដីអ៊ីស្រាអែល ។
ក្រសួងការបរទេសថៃ និយាយថា ពលរដ្ឋថៃ ៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងអំពើហិង្សានេះ ចាប់តាំងពីថ្ងៃសៅរ៍រហូតមក ។
ពួកគេនិយាយថា យន្តហោះចម្បាំងបានត្រៀមរួចរាល់ សម្រាប់ដឹកពលរដ្ឋថៃឲ្យវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ។
គួរឲ្យដឹងថា មាននូវពលរដ្ឋថៃប្រហែល ៣ម៉ឺននាក់ នៅអ៊ីស្រាអែលធ្វើការក្នុងវិស័យកសិកកម្ម ដែលភាគច្រើននៃពួកគេ ធ្វើការនៅជិតព្រំដែនតំបន់ហ្គាហ្សា ។ ចំណែកឯ ប្រទេសនេប៉ាល់ និយាយថា ពលរដ្ឋរបស់ពួកគេ ១០នាក់ ត្រូវបានសម្លាប់ផងដែរ ។
ប្រទេសផ្សេងទៀត ដែលបានរាយការណ៍ថាពលរដ្ឋរបស់ខ្លួនត្រូវបានសម្លាប់ ត្រូវបានចាប់ជម្រិត ឬបាត់ខ្លួនក្នុងអំពើហិង្សានៅអ៊ីស្រាអែល រួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ។
រដ្ឋមន្រ្តីក្រសួងការងារថៃលោក Phiphat Ratchakitprakarn បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា កម្មករថៃប្រហែល ៥ពាន់នាក់ ធ្វើការនៅតំបន់ដែលសង្រ្គាមបានផ្ទុះឡើង ប៉ុន្តែកងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមផ្លាស់ទីពួកគេទៅកាន់ទីសុវត្ថិភាពរួចហើយ ។
លោកបន្តថា កម្មករ ១.០៩៩នាក់ ត្រូវបានចុះបញ្ជីថាបានវិលត្រឡប់មកផ្ទះវិញ ។
ក្រុមកម្មករនៅកសិដ្ឋានក្នុងទីក្រុង Mivtahim ជិតតំបន់ហ្គាហ្សាស្រ្ទីប បានរៀបរាប់ពីការវាយប្រហារយ៉ាងសន្ធាប់របស់ក្រុមជីវពលហាម៉ាស់មកលើកសិដ្ឋាន ក្រោយរ៉ុក្កែតត្រូវបានបាញ់ កាលពីព្រឹកថ្ងៃសៅរ៍ ។
លោក Udomporn Champahom គឺជាកម្មករថៃមួយរូប និយាយប្រាប់ BBCថា ដំបូងក្រុមជីវពលហាម៉ាស់ បានបាញ់គ្រាប់រ៉ុក្កែត ហើយបន្ទាប់មកពួកគេបានវាយប្រហារយ៉ាងសន្ធាប់មកលើកសិដ្ឋានរបស់ពួកយើង ។ ខ្ញុំបានរត់ និងលាក់ខ្លួននៅក្នុងបន្ទប់ទឹករបស់ខ្ញុំ ។
ក្រោយមក លោក Udomporn ត្រូវបានជួយសង្រ្គោះដោយទាហានអ៊ីស្រាអែល ។ គាត់និយាយថា មិត្តភ័ក្តិរបស់គាត់ ដែលបាននៅជាមួយគាត់នៅពេលនោះ កំពុងព្យាបាលរបួសត្រូវគ្រាប់កាំភ្លើងចំជើងរបស់គាត់ ៕


