ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោក ម៉ៅរូ វីអេរ៉ា នឹងមកបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះបានឲ្យដឹងថាតបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក ម៉ីរូ វីអេរ៉ា រដ្ឋមន្រ្តីការបរទេសនៃសាធារណ សហព័ន្ធប្រេស៊ីល នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែ តុលានេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលនេះ បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុង អំឡុងពេលទស្សនកិច្ចនេះ ប្រមុខការទូតប្រេស៊ីលរូបនេះ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានជំនួនទ្វេភាគីជាមួយឯកឧត្តម សុខ ចិន្តាសោភាសំដៅដាក់ចេញនូវវិធានការសកម្មភាពដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ច សហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីផងដែរ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះ នឹងជាជំហានថ្មីសំខាន់ មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
សូមបញ្ជាក់ថា នេះគឺជាមន្រ្តីការទូតទីមួយហើយនៅក្នុងតំបន់អាមេរិកឡាទីន ដែលបានមកបំ ពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតរដ្ឋសភានីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីនេះ៕ អត្ថបទបាន ចក់


