ភ្នំពេញ៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅទីក្រុងហាឡុង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣។
តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១១ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១២ ក្រោមប្រធានបទ “ការឆ្លើយតបនឹងសកម្មភាពដែលរំពឹងទុក និងភាពធន់”៖“ដំណើររបស់អាស៊ាន ឆ្ពោះទៅរកភាពជាអ្នកដឹកនាំសកលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ” ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម គីម វីរៈ បានបញ្ជាក់ថា កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ គឺរៀបចំឡើងចំនួន២ដង ក្នុង១ឆ្នាំ ដោយប្រទេសជាសមាជិកអាស៊ាននីមួយៗត្រូវទទួលជាប្រធានប្តូរវេន ក្នុងគោលបំណងពិភាក្សាលើការកសាងនិងអនុវត្តន៍កម្មវិធី គម្រោង និងសកម្មភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់នៅគ្រប់ទិដ្ឋភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងការត្រៀមបង្ការ, ការកាត់បន្ថយ, ការត្រៀមរៀបចំ, ការឆ្លើយតប និងការស្តារឡើងវិញ តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងកាត់បន្ថយនូវផលលំបាកជាអវិជ្ជមានទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិកអាស៊ាន។
សូមជម្រាបថា ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសនេះ អគ្គលេខាធិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមពិភាក្សាលើកិច្ចប្រជុំសំខាន់ៗ ចំនួន ៥រួមមាន៖
- កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល-អាហារ លើកទី១៩
- កិច្ចប្រជុំលើកទី៤ នៃវេទិកាភាពធន់នឹងគ្រោះមហន្តរាយអាស៊ាន
- កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-បូកចិន លើកទី៦
- កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកជប៉ុន លើកទី៦
- កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន-បូកកូរ៉េ លើកទី៥៕ ដោយ ៖ ឧត្ដម






