
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉្លូឌីមៀ ហ្សេលិនស្គី នៅថ្ងៃច័ន្ទនេះ បានប្រាប់កិច្ចប្រជុំសមាជិកសភារបស់អង្គការណាតូថា ឥឡូវនេះ គឺមិនមែនជាពេលវេលាដែលត្រូវដកថយពីសង្វៀនអន្ដរជាតិទេ ហើយបានអំពាវនាវអោយលោកខាងលិចសាមគ្គីគ្នានៅក្នុងការប្រឈមនឹងព្រឹត្ដិការណ៍នៅជុំវិញពិភពលោក។
លោកហ្សេលិនស្គី បានប្រាប់កិច្ចប្រជុំតាម Video link ថា នេះមិនមែនជាពេលវេលាដែលត្រូវដកថយពីវេទិកាអន្ដរជាតិនៅក្នុងជម្លោះផ្ទៃក្នុងឡើយ។ ហើយវាមិនមែនជាពេលដាក់ខ្លួនឯងអោយនៅឯកោដែរ។ លោកបន្ដថា នេះមិនមែនជាពេលដែលត្រូវនៅស្ងៀម ឬធ្វើមិនដឹងមិនឮចំពោះភេរវកម្មនៅលើទ្វីបមួយនេះ មិនប៉ះពាល់ដល់កិច្ចការសកលនោះទេ។