ភ្នំពេញ÷ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ភាពយន្តភាគរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទបូណ៌មី» ដែលជាភាគយន្តភាគប្រវត្តិសាស្ត្រ ទាក់ទងនឹងជីវប្រវត្តិពិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបញ្ចប់ការថតនិងចាក់ផ្សាយប្រកបដោយជោគជ័យ។
ឯកឧត្តម ហ៊ុយ វាសនា ប្រធានគណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូមីណ៌បានអោយដឹងថា ការថតខ្សែភាពយន្តភាគរឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” មានរយៈពេលជាងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដោយគណៈកម្មការសម្រេចផលិតបាន ចំនួន១,២៩៦ឈុតឆាក ស្មើនឹង ១០០% នៃសាច់រឿងសរុប ដោយប្រើរយៈពេលអស់ចំនួន១៩ខែ ក្រោមការណែនាំចង្អុល បង្ហាញផ្ទាល់ដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានការជួយជ្រោមជ្រែងទំនុកបម្រុង ចង្អុល បង្ហាញអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ទាំងស្មារតីនិងសម្ភារ ព្រមទាំងថវិកា កន្លែងស្នាក់នៅ ពី ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទីប្រឹក្សាផ្ទាល់របស់គណៈកម្មការផលិតភាពយន្តភាគប្រវត្តិសាស្ត្រ ។ រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជាជីវប្រវត្តិពិតដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រឿងនេះបានចំណាយដើមទុនច្រើនជាងគេបំផុតនៅ ក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តភាគរបស់ប្រទេសកម្ពុជា ដែលក្នុងនោះចំណាយថវិកាផលិតអស់ចំនួន ប្រាំលាន ម្ភៃប្រាំពីរម៉ឺន ប្រាំមួយពាន់ បួនរយដុល្លារសហរដ្ឋអាមេរិក (៥,២៧៦,៤០០ដុល្លារអាមេរិក) ក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមិនគិតពីសម្ភារបរិក្ខាផ្សេងៗទៀត ដែលឧបត្ថម្ភដោយ ឯកឧត្តម នាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងការឧបត្ថម្ភគាំទ្រសម្ភារបច្ចេកទេសទំនើបៗ សម្រាប់ការផលិតខ្សែភាពយន្ត ដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន និងមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ក៏តែងតែបានចុះទៅសាកសួរសុខទុក្ខ និង ឧបត្ថម្ភគាំទ្រដោយផ្ទាល់ដល់ទីតាំងថតផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរចំពោះអ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងតួសម្ដែងទាំងអស់ ក្នុងការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» រហូតឈានដល់ការបិទបញ្ចប់ជាផ្លូវការនាថ្ងៃនេះ។
សម្ដេចតេជោ ថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ដំណើរការថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាការចំណាយច្រើនបំផុតមិនធ្លាប់ មាននៅក្នុងប្រវត្តិនៃការថតភាពយន្តនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ការរីកចម្រើននៅកម្ពុជា បានបង្កឱ្យមានការលំបាកខ្លាំងដល់ដំណើរការថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដើម្បីឱ្យត្រូវតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ខណៈបើថតគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងអស់អាចឈានដល់ជាង៣០០ភាគ ដោយត្រូវបន្ថែមឈុតឆាកនិងតួអង្គជាច្រើនទៀត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងសោកស្ដាយចំពោះសាក្សីប្រវត្តិសាស្ត្រ ដែលបានទទួលមរណភាពនៅអំឡុងពេលថតខ្សែភាពយន្តប្រវត្តិសាស្ត្រ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលមិនបានមើលភាពយន្តនេះ នៅក្រោយថតចប់ ក្នុងនោះមានដូចជាឯកឧត្ដម សុខ សារឿន, សម្ដេច ហ៊ុន ណេង, អ្នកគ្រូពេទ្យ តាំង លី និងប្អូនថ្លៃស្រីសម្ដេចតេជោជាដើម។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចនឹងមិនអនុញ្ញាតឱ្យថតសាច់រឿងរបស់សម្ដេចផ្សេងទីពីរ ដែលមានការបញ្ចូលដាក់មនោសញ្ចេតនារបស់អ្នកនិពន្ធ នាំឱ្យខុសប្រវត្តិសាស្រ្ដឡើយ។
សូមបញ្ជាក់ថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី រំលេចពីគំរូវីរៈដ៏អស្ចារ្យដែលសម្តេចតេជោបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍រហូតដល់ការដឹកនាំប្រទេសមានការរីកចំរើននេះ នឹងបន្តទុកជាឯកសារប្រវត្តិដ៏សំខាន់ដល់កូនចៅជំនាន់ក្រោយ និងរំលឹកដល់គំរូវីរភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រឿងនេះទាក់ទិនដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាមលន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតន កោដ្ឋ ការរត់ចូលព្រៃម៉ាកគី , សម័យកាលនៃរបបប្រល័យពូជសាសន៍ប៉ុលពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិមករំដោះប្រទេសចេញពីរបប ប៉ុលពត ការជួបជុំភរិយាគឺសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ រឿងនេះបានចាប់ផ្តើមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍បាយ័ន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយចាក់ផ្សាយបណ្តើរថតបណ្តើរ រហូតដល់ថ្មីៗនេះ បានថតចប់និងចាក់បញ្ជាំងចប់តាមកញ្ចក់ទូរទស្សន៍បាយ័ន ។ ដោយសារមានសំណូមពរច្រើនពីអ្នកទស្សនា ស្ថានីយ៍ទូរទស្សន៍បាយ័ន បាននឹងកំពុងចាក់ផ្សាយភាពយន្តភាគនេះឡើងវិញនៅតាមកញ្ចក់ទូរទស្សន៍BTV វេលាម៉ោង៩យប់ រៀងរាល់ថ្ងៃចន្ទរហូតដល់ថ្ងៃពុធផងដែរ៕ ដោយ ÷ រក្សា
























