
រដ្ឋមន្ត្រីរបស់សហភាពអឺរ៉ុប (EU) នឹងជួបប្រជុំគ្នាជាបន្ទាន់មួយ នៅថ្ងៃអង្គារ (ទី១០ ខែតុលា) ដើម្បីពិភាក្សាអំពីស្ថានការណ៍ ក្នុងប្រទេសអ៊ីស្រាអែល និងតំបន់។ នេះបើតាមអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X (ពីមុន Twitter)។
រដ្ឋមន្ត្រីទាំងនោះនឹងជួបប្រជុំគ្នា ដើម្បីពិចារណាលើការឆ្លើយតប និងជំហានបន្ទាប់ សម្រាប់ EU ដោយក្នុងនោះរួមទាំងការពិនិត្យឡើងវិញនូវទិដ្ឋភាពនៃជំនួយអភិវឌ្ឍន៍។ នៅថ្ងៃចន្ទនេះ គណៈកម្មការសហភាពអឺរ៉ុប ក៏បាននិយាយដែរថា ខ្លួនកំពុងពិនិត្យមើលឡើងវិញនូវផលប៉ះពាល់ដល់ជំនួយអភិវឌ្ឍន៍របស់ខ្លួន។
អ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទនេះថា៖ «គណៈកម្មការកំពុងវាយតម្លៃថា តើព្រឹត្តិការណ៍សោកនាដកម្មថ្មីៗនេះ អាចប៉ះពាល់ដល់ជំនួយអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន និងអនាគតរបស់យើងយ៉ាងដូចម្តេចខ្លះ។ ការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបជួយដល់សេវាចាំបាច់បំផុត សម្រាប់ប្រជាជនប៉ាឡេស្ទីន និងរួមចំណែកផ្តល់ហិរញ្ញប្បទានផ្ទាល់ដល់អាជ្ញាធរប៉ាឡេស្ទីនផងដែរ»។
រដ្ឋមន្ត្រីសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នានៅទីក្រុងម៉ាស្កាត ប្រទេសអូម៉ង់ ជាកន្លែងដែលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ត្រូវបានគ្រោងធ្វើឡើងរួចហើយ៕