
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សុវត្ថិភាពរបស់និស្សិតខ្មែរ និងពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខណៈនិស្សិតចំនួន៣២៣នាក់ ក្នុងចំណោម ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងមានសុវត្ថិភាពហើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គិតមកដល់ម៉ោងនេះ និស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៣២៣នាក់ ក្នុងចំណោមនិស្សិត និងពលរដ្ឋសរុប ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិតភាពហើយ ដោយរាជរដ្ឋាភិបាលកម្ពុជាបានប្រមូលទិន្នន័យនិងព័ត៌មានរបស់ពួកគាត់រួចហើយដែរ ដោយរហូតដល់បង្កើតជាក្រុមតេលេក្រាមមួយដើម្បីទាក់ទងគ្នាជាប្រចាំផងដែរ។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសអគ្គកុងស៊ុលប្រចាំនៅប្រទេសអ៊ីស្រាអែល និងក្រសួងការបរទេសត្រូវស្រង់ទិន្នន័យចំពោះនិស្សិត និងពលរដ្ឋខ្មែរចំនួន១៣១ទៀត ឲ្យបានច្បាស់លាស់ថាពួកគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្រោយការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ បានបណ្តាលឲ្យនិស្សិតខ្មែរម្នាក់ដែលមានឈ្មោះថា ចាន់ ឧត្តម ជានិស្សិតផ្នែកកសិកម្មបានបាត់បង់ជីវិតភ្លាម ក្នុងឧបទ្ទវហេតុដ៏រន្ធត់នោះ៕អត្ថបទ៖ បាន ចក់