បាល់ទាត់៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញការត្រៀមខ្លួនជាស្រេចដើម្បីចូលរួមប្រកួតពានរង្វាន់ League Cup ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ខណៈលោកចាត់ទុកពាននេះគឺជាឱកាសដ៏អស្ចារ្យ សម្រាប់ក្រុមចូលរួម ពិសេសសម្រាប់កីឡាករយុវជនតែម្ដង។

គ្រូបង្វឹកសញ្ជាតិអៀកឡង់រូបនេះបន្ដថា ដោយសារកន្លងមកកីឡាករវ័យក្មេងពុំសូវមានឱកាសលេងជាមួយកីឡាករចាស់ៗ និងកីឡាករបរទេស ដូច្នេះនេះគឺជាឱកាសល្អសម្រាប់ពួកគេអភិវឌ្ឍសមត្ថភាព និងកាយសម្បទាត្រៀមការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា។ លើសពីនេះ លោកក៏សប្បាយចិត្តដែលបានចាប់ឆ្នោតស្ថិតក្នុងពូល B ដែលមានបេក្ខភាពប្រកួតប្រជែង ៣ក្រុម និងមានរបៀបលេង ៣ប្រភេទផ្សេងគ្នាផងដែរ។ គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ League Cup 2021 គ្រោងប្រកួតពីថ្ងៃទី៥ ដល់ថ្ងៃទី២៧ ខែមិថុនាខាងមុខ ដោយមានបេក្ខភាពចូលរួម ៨ក្រុម និងបែងចែកជា ២ពូល ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល B ជាមួយក្រុមកងយោធពលខេមរភូមិន្ទ ខេត្តព្រៃវែង និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។
រីឯពូល A រួមមានក្រុមបឹងកេត ភ្នំពេញក្រោន វិសាខា និង ISI ដង្កោសែនជ័យ។ ចំពោះប្រកួតបើកឆាករបស់ក្រុមលោក Conor Nestor នឹងត្រូវជួបក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីមុនគេនាថ្ងៃទី៦ ខែមិថុនាចុងសប្ដាហ៍នេះនៅកីឡដ្ឋានខេត្តស្វាយរៀង ហើយប្រកួតនេះក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕
អត្ថបទ៖ លី ឈុនឡា