លំនៅឋាននានាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង នៅក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតដែលបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានក្នុងពេលប៉ុន្មានឆ្នាំមកនេះ ។

ក្រុមអ្នកសង្រ្គោះកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រញាប់ប្រញាល់ទាញយកអ្នកនៅមានជីវិត និងអ្នកស្លាប់ ពីក្រោមគំនរកម្ទេចថ្ម ២ថ្ងៃ បន្ទាប់ពីទីក្រុងហេរ៉ាត់ (Herat ) ភាគពាយ័ព្យប្រទេសនិងតំបន់នៅជុំវិញជាច្រើនត្រូវបានអង្រួន ដោយការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ។
រដ្ឋបាលក្រុមតាលីបង់ និយាយថាមនុស្សរាប់ពាន់នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងគ្រោះរញ្ជួយដីនេះ។
អង្គការសុខភាពពិភពលោក និយាយថា ស្ត្រី និងកុមារមានប្រហែល២ភាគ៣ នៃជនរងគ្រោះដែលបានសម្រាកព្យាបាលក្នុងន្ទីរពេទ្យ។

ប្រព័ន្ធសុខាភិបាលអាហ្វហ្គានីស្ថាន ដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេស បានប្រឈមការកាត់ផ្ដាច់ជំនួយខាងក្រៅក្នុងរយៈពេល២ឆ្នាំ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច។
ក្រុមអ្នកការទូត និងមន្ត្រីផ្ដល់ជំនួយនិយាយថា ក្ដីបារម្ភជុំវិញការរឹតត្បិតសិទ្ធិសេរីភាពលើស្ត្រី និងបញ្ហាវិបត្តិមនុស្សធម៌សកលកំពុងបណ្ដាលឲ្យក្រុមប្រទេសផ្ដល់ជំនួយ ដកចេញការគាំទ្រលើកផ្នែកហិរញ្ញវត្ថុ៕