ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បានគំរាមប្រហារជីវិតចំណាត់ថ្នូរជនជាតិអ៊ីស្រាអែល រាល់ពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលំនៅឋានរបស់ប្រជាជនប៉ាឡេស្ទីន ដោយគ្មានការព្រមាន ខណៈអ៊ីស្រាអែលបានប្រមូលផ្ដុំទាហានបម្រុងចំនួន៣០០.០០០នាក់ ដែលមិនធ្លាប់មានពីមុនមក ហើយបានដាក់ការបិទផ្លូវនៅលើតំបន់ហ្គាហ្សា ស្ទ្រីប ដោយបង្កើនការភ័យខ្លាចសម្រាប់ក្រុមហាម៉ាស ថា អ៊ីស្រាអែលគ្រោងនឹងវាយប្រហារលើដី។

អំពើហឹង្សា ដែលបានឆក់យកជីវិតមនុស្សជាង ១.៥០០នាក់ បានជំរុញឱ្យមានការប្រកាសជាអន្តរជាតិនៃការគាំទ្រសម្រាប់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញកាលពីចុងសប្តាហ៍ ដោយក្រុមហាម៉ាស និងអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នា ព្រមទាំងការការពារជនស៊ីវិល។
បណ្តាញទូរទស្សន៍អ៊ីស្រាអែល បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស បានកើនឡើងដល់៩០០នាក់ហើយសម្រាប់ខាងជនជាតិអ៊ីស្រាអែល ហើយមនុស្សយ៉ាងហោចណាស់ ២.៦០០នាក់បានរងរបួស និងរាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់របស់អ៊ីស្រាអែលទាំងនោះ មានមនុស្សវ័យក្មេងភាគច្រើនចំនួន ២៦០នាក់ ដែលត្រូវបានគេបាញ់សម្លាប់នៅក្នុងពិធីជប់លៀងរាំកម្សាន្តនៅវាលខ្សាច់។

ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៦៨៧នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៣.៧២៦នាក់ បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ៊ុមព័ទ្ធមួយនេះ ចាប់តាំងពីថ្ងៃសៅរ៍មក។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បណ្ដាប្លុកផ្ទះល្វែង និងមន្ទីរពេទ្យជាច្រើន ក៏ស្ថិតក្នុងចំណោមទីតាំងដែលត្រូវបានវាយប្រហារនោះផងដែរ៕