ក្រុមមន្ត្រីបាននិយាយថា នគរបាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក បានបើកការបាញ់ប្រហារ បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលស្ថានកុងស៊ុលចិននៅក្នុងទីក្រុងមួយនេះ។

សារព័ត៌មាន KTVU រាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានបាញ់ បន្ទាប់ពីរថយន្តនោះបានបើកឆ្លងកាត់ការិយាល័យទិដ្ឋាការស្ថានកុងស៊ុល ហើយនៅតែស្ថិតនៅក្នុងអគារ។
បណ្ដាញព័ត៌មាននោះបាននិយាយថា ប្រភពពីទីក្រុងបានប្រាប់ថា អ្នកដែលត្រូវបានបាញ់នោះ គឺជាអ្នកបើករថយន្ត។ សាក្សីបាននិយាយថា សម្លេងកាំភ្លើងជាច្រើនគ្រាប់ត្រូវបានគេបាញ់ ហើយបុរសម្នាក់ដែលរាងកាយប្រឡាក់ដោយឈាម ត្រូវបានគេដាក់ចូលក្នុងរថយន្តគិលានសង្គ្រោះ ហើយបានបើកញពីកន្លែងកើតហេតុនោះ។

នាយកដ្ឋាននគរបាលសាន់ហ្វ្រាន់ស៊ីស្កូ បានបញ្ជាក់ថា ក្រុមមន្រ្តីបានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុបាញ់ប្រហារនៅស្ថានកុងស៊ុល ប៉ុន្តែមិនបានបញ្ជាក់ថា តើហេតុការណ៍នោះបណ្តាលឱ្យមានអ្នកស្លាប់ ឬយ៉ាងណានោះទេ ហើយនាយកដ្ឋាននេះបានណែនាំមនុស្សម្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឱ្យជៀសឆ្ងាយតំបន់នោះ។
សូមបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើផ្លូវធំមួយនៅជិតតំបន់ Japantown នៃរដ្ឋកាលីហ្វ័រនីញ៉ា របស់សហរដ្ឋអាមេរិក៕