ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែង យីហោ BOEING ដែលចែកចាយប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៩១នាក់ និងថ្នាំញៀនប្រមាណ ៥គីឡូក្រាម។
ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រភពពីសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ បានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការរួមមានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងខារ៉ាអូខេ ឈ្មោះ BOEING ដែលមានទីតាំង នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ការបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនយកមកសាកសួរជនសង្ស័យចំនួន ៩១នាក់ (ស្រី៣៩នាក់) មានជនជាតិចិន វៀតណាម សិង្ហបុរី នេប៉ាល់ និងហ្វីលីពីន។ ចំពោះវត្ថុតាងដែលរកឃើញរួមមាន៖ សារធាតុញៀនជាច្រើនប្រភេទ មានទម្ងន់ប្រមាណ ៥គីឡូក្រាម និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជួញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕អត្ថបទ៖ កុម្ភៈ







