ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ទីភ្នាក់ងារនេះកំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រជាង ៧០ឆ្នាំរបស់ខ្លួន ខណៈដែលតួលេខនៃការផ្លាស់ទីលំនៅកម្រិតបំបែកកំណត់ត្រា ដែលមិនធ្លាប់មានពីមុនមក បានកើតឡើងស្របពេលជាមួយនឹងកង្វះខាតថវិកា ព្រមទាំង «ទស្សនដ៏ខ្លី» ផ្តោតលើការគ្រប់គ្រងព្រំដែន។

ជម្លោះជាច្រើនរាប់ចាប់ពីសង្គ្រាមនៅអ៊ុយក្រែន រហូតដល់បញ្ហានៅស៊ូដង់ បានរួមចំណែកដល់ការផ្លាស់ទីលំនៅរបស់ប្រជាជនប្រហែល ១១០លាននាក់នៅជុំវិញពិភពលោក នៅពេលដែលរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើន រួមទាំងប្រទេសដែលធ្លាប់ទទួលស្វាគមន៍ជនភៀសខ្លួនដូចជាប្រទេសអាឡឺម៉ង់ ក៏កំពុងស្ថិតនៅក្រោមសម្ពាធក្នុងការដាក់វិធានការកាន់តែតឹងរ៉ឹងលើអ្នកស្វែងរកសិទ្ធិជ្រកកោន។

ប្រទេសលោកខាងលិចមួយចំនួនដូចជាប្រទេសស្លូវ៉ាគី បានរឹតបន្តឹងការគ្រប់គ្រងព្រំដែន ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងនឹងសាងសង់ជញ្ជាំងព្រំដែនបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងកាត់ពីជនអន្តោប្រវេសន៍ចូលក្នុងប្រទេស ដោយអនុវត្តគោលនយោបាយរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។
នៅក្នុងសុន្ទរកថាទៅកាន់ស្ថាប័នគ្រប់គ្រងរបស់ទីភ្នាក់ងារ UNHCR ស្នងការជាន់ខ្ពស់ លោក Filippo Grandi បានជំរុញឱ្យបណ្ដាប្រទេសនានា គោរពសិទ្ធិរបស់អ្នកដែលភៀសខ្លួនចេញពីជម្លោះ ឬការធ្វើទុក្ខបុកម្នេញ ដែលត្រូវបានធានាក្រោមអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ ដែលស្ថាប័នបានបង្កើតឡើងដើម្បីត្រួតពិនិត្យពីបញ្ហាជនភៀសខ្លួននេះ៕