នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃចន្ទ (៩ តុលា) បានរិះគន់បាតុកម្មនៅទូទាំងប្រទេស ដែលលើកតម្កើងអំពើហឹង្សា ដោយក្រុមបាតុករបានគាំទ្រដល់ការវាយប្រហាររបស់ក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល។

លោក Trudeau បានចូលរួមក្នុងការប្រមូលផ្តុំសាមគ្គីភាពសម្រាប់អ៊ីស្រាអែល នៅទីក្រុង Ottawa ជាទីដែលលោកបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស នៅក្នុងសុន្ទរកថារបស់ខ្លួន ហើយបាននិយាយថា កាណាដាគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន។ បណ្ដាមេដឹកនាំនយោបាយមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកាណាដា ក៏បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែលផងដែរ។
មានបាតុកម្មប្រកួតប្រជែង និងការប្រមូលផ្តុំគ្នាជាច្រើនកាលពីថ្ងៃច័ន្ទ ដោយក្រុមផ្សេងៗគ្នានៅទូទាំងប្រទេសកាណាដា រួមទាំងនៅទីក្រុងតូរ៉ុនតូ ជាទីដែលក្រុមបាតុករប្រហែល ១.០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងបាតុកម្ម ដែលរៀបចំដោយក្រុមមួយហៅថា ចលនាយុវជនប៉ាឡេស្ទីន។
ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ (៧ តុលា) ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់រយនាក់ និងចាប់ខ្លួនចំណាប់ថ្នូររាប់សិបនាក់ ខណៈអ៊ីស្រាអែលបានវាយបកលើជនជាតិប៉ាឡេស្ទីនជាបន្តបន្ទាប់ ដោយការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅវិញ ហើយជម្លោះនេះក៏បានបណ្តាលឱ្យមនុស្សជាង ១.៥០០នាក់ស្លាប់ សម្រាប់ភាគីជម្លោះទាំងពីរផងដែរ៕

