មីយ៉ាន់ម៉ា៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រភពក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារ (១០ តុលា) នេះថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំភ្លើងធំមួយ នៅឯជំរុំសម្រាប់ជនភៀសខ្លួនខាងក្នុងក្នុងរដ្ឋកាជីន របស់សហភាពមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានស្ត្រី កុមារ និងមនុស្សចាស់ជាច្រើននាក់។

សហភាពមីយ៉ាន់ម៉ា បានជាប់គាំងនៅក្នុងជម្លោះនៅក្នុងតំបន់ជាច្រើននៃប្រទេស ខណៈដែលកងទ័ពជនជាតិភាគតិច និងចលនាតស៊ូ បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងដោយយោធា ព្រមទាំងការបង្ក្រាបយ៉ាងខ្លាំងក្លាដោយរបបយោធា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១មក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាជីន និងប្រភពក្នុងស្រុកបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងជិតពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃចន្ទ ចម្ងាយប៉ុន្មានគីឡូម៉ែត្រពីជំរំយោធាមួយ គ្រប់គ្រងដោយកងទ័ពឯករាជ្យកាជីន (KIA) ដែលមានជម្លោះជាមួយយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា។
សកម្មជនក្នុងស្រុកដ៏ល្បីមួយរូបនៃបណ្តាញសន្តិភាពសង្គមស៊ីវិល ឈ្មោះ ខុន ចាបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ខ្លួនបានទៅមន្ទីរពេទ្យក្នុងស្រុក ហើយត្រូវបានគេប្រាប់ថាមនុស្ស ២៩នាក់បានស្លាប់ ហើយការវាយប្រហារនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ។
ដោយសារកម្លាំងគ្រាប់បែកខ្លាំងពេក បានធ្វើឲ្យភូមិនេះត្រូវបានបំផ្លាញទាំងស្រុង ហើយតាមការបញ្ជាក់ពីមន្ទីរពេទ្យរហូតមកដល់ពេលនេះបានឲ្យដឹងថា មានមនុស្សប្រហែល៥៩នាក់បានរងរបួស និងមនុស្សប្រហែល២៩នាក់បានស្លាប់បន្ទាប់ពីហេតុការណ៍នោះ៕