
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គោលដៅធំ គឺដើម្បីជួយប្រជាពលរដ្ឋឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ប៉ុន្ដែក្រៅពីនេះក៏ជាយុទ្ធសាស្រ្ដកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធន់នូវក្នុងសេដ្ឋកិច្ច និងសង្គមជាតិ និងលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញថា ប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺងាយបំផុតក្នុងការប្រឈមមុខ និងរងគ្រោះបំផុតនៅពេលមានបញ្ហាប្រឈម ឬវិបត្តិសេដ្ឋកិច្ចណាមួយកើតឡើង ដូចជាកូវីដ-១៩ជាដើម។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គឺដើម្បីធ្វើយ៉ាងណាគិតគូរជាបន្ទាន់ក្នុងការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋជាបន្ទាន់នៅក្នុងអាណត្តិទី៧នេះ។
សម្ដេចធិបតីបញ្ជាក់ថា ការដាក់ចេញឱ្យអនុវត្តនូវ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នឹងផ្ដល់ការគាំទ្រ និងឱកាសសម្រាប់ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្ពុជាអាចចាប់យកសក្តានុពលរបស់ពួកគាត់ ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ។
សូមជម្រាបថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រជាតិនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្ដារ សេដ្ឋកិច្ចកម្ពុជាពីវិបត្តិសាកល ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងដើម្បីកសាងភាពធន់នៃសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕អត្ថបទ៖ វ៉ន ដារ៉ា