
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គឺដើម្បីធ្វើយ៉ាងណាគិតគូរជាបន្ទាន់ក្នុងការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋជាបន្ទាន់នៅក្នុងអាណត្តិទី៧នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញថា ការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្ដជាតិនេះ គឺជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ មិនមែនជាការបង្ខិតខំឡើយ។
សម្ដេចបន្តថា ការចូលរួមពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការប្រមូលទិន្នន័យប្រជាពលរដ្ឋឋិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានច្បាស់លាស់ ដើម្បីជួយអភិវឌ្ឍន៍ដល់អាជីវកម្ម និងផ្ដល់ការលើកលែងពន្ធ និងការផាកពិន័យពន្ធជាដើម។
សូមជម្រាបថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» គឺជាប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ជី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។
«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានដាក់ចេញជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ៕ អត្ថបទ៖ វ៉ន ដារ៉ា