ប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្របសម្រួលជាមួយអាជ្ញាធររដ្ឋតិចសាស ដើម្បីសម្រួលការត្រួតពិនិត្យរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន ខណៈដែលប្រធានាធិបតីរបស់ប្រទេសនេះ បានចោទប្រកាន់អភិបាលរដ្ឋតិចសាសថា«ធ្វើឲ្យមានភាពស្មុគស្មាញដល់ស្ថានភាពនៃការធ្វើអន្តោប្រវេសន៍។

ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា៖«រដ្ឋាភិបាលម៉ិកស៊ិកជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការសម្រុះសម្រួលជាមួយរដ្ឋតិចសាស ដើម្បីបញ្ឈប់ការត្រួតពិនិត្យពេញលេញទៅលើរថយន្តដឹកទំនិញ ដែលធ្វើឡើងដោយនាយកដ្ឋានសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់»។
ក្រុមមន្ត្រីរដ្ឋ បានចាប់ផ្តើមឡើងវិញនូវការត្រួតពិនិត្យរថយន្តដឹកទំនិញ ដែលចំណាយអស់ប្រាក់ និងចំណាយពេលច្រើន កាលពីខែមុន។ អភិបាលរដ្ឋតិចសាស លោក ហ្រ្គេក អាប់បូត ( Greg Abbott) បានអះអាងថា ពួកគេត្រូវការចាំបាច់ ដើម្បីទប់ស្កាត់លំហូរ ជនអន្តោប្រវេសន៍ និងគ្រឿងញៀនខុសច្បាប់ ចូលមកក្នុងប្រទេស។
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានហៅវិធានការរបស់លោកអាប់បូត ថា៖«ឯកតោភាគី» និង «គ្មានការទទួលខុសត្រូវ» នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃចន្ទ ដោយចោទប្រកាន់អភិបាលរដ្ឋនេះ កំពុងទាញយកផលប្រយោជន៍ពីស្ថានការណ៍ដ៏លំបាកនេះ ខណៈដែលខ្លួនកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។

