ទីបំផុតអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយអំពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ដែលបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីថ្ងៃចន្ទ លោក អូបាម៉ា បានទម្លាយភាពស្ងៀមស្ងាត់របស់ខ្លួន ដោយបានចេញសេចក្តីថ្លែងការណ៍មួយ ដែលលោកបានប្រកាសយ៉ាងច្បាស់ពីការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ខណៈពេលដែលថ្កោលទោសអ្វីដែលលោក បានពណ៌នាថាជា «ការវាយប្រហារភេរវកម្មដ៏អាក្រក់»ដោយក្រុមហាម៉ាស់។

ចំណែកអតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន ក៏បានលើកឡើងពីបញ្ហានេះ ជាលើកដំបូង ចាប់តាំងពីវាបានកើតឡើង ដោយបញ្ជាក់ថា លោកថ្កោលទោស«ការវាយប្រហារភេរវកម្មដ៏គួរឲ្យរន្ធត់ ដែលធ្វើឡើងដោយក្រុមហាម៉ាស់នៅក្នុងប្រទេសអ៊ីស្រាអែល»។
លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ទីបំផុត បាននិយាយអំពីការវាយប្រហារភេរវកម្មដ៏បំផ្លិចបំផ្លាញ ដែលបានកើតឡើងទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
ដោយលើកឡើងនៅលើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថា Twitter លោក បានសរសេរថា៖«ប្រជាជនអាមេរិកទាំងអស់ គួរតែមានការរន្ធត់ចិត្ត និងខឹងសម្បាចំពោះការវាយប្រហារភេរវកម្មដ៏សាហាវលើអ៊ីស្រាអែល និងការសម្លាប់ជនស៊ីវិលស្លូតត្រង់។ យើងសោកស្ដាយចំពោះអ្នកដែលបានស្លាប់ សូមអធិដ្ឋានឲ្យអ្នកដែលត្រូវបានគេចាប់ជាចំណាប់ខ្មាំង វិលត្រឡប់មកវិញដោយសុវត្ថិភាព ហើយត្រៀមខ្លួនជួយសម្ព័ន្ធមិត្តរបស់យើង គឺអ៊ីស្រាអែល ខណៈដែលខ្លួនកំពុងកម្ទេចក្រុមហាម៉ាស់នេះ»។