ខ្សែបម្រើបារាំង Paul Pogba ត្រូវបានធ្វើតេស្តឃើញវិជ្ជមានសារធាតុហាមឃាត់ Testosterone ជាលើកទី ២ ដែលមានន័យថា ខ្សែបម្រើ Juventus រូបនេះត្រូវស្ថិតក្រោមការស៊ើបអង្កេតផ្លូវការ។
លទ្ធផលតេស្ត ត្រូវរកឃើញដោយ Nado Italia ដែលជាភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់អ៊ីតាលី ដែលធ្លាប់បានធ្វើតេស្តកីឡាករវ័យ ៣០ ឆ្នាំរូបនេះកាលពីខែមុន បន្ទាប់ពី Juventus ឈ្នះ ៣-០ នៅទឹកដី Udinese កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ។

កីឡាករវ័យ ៣០ ឆ្នាំ គឺជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ឡើយ ប៉ុន្តែត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ក្រោយការប្រកួត។
Pogba នឹងបន្តស្ថិតក្រោមការពិន័យមិនឱ្យចូលរួមការប្រកួតនានាដដែល ហើយការស៊ើបអង្កេតនឹងបន្ត ខណៈប្រសិនរកឃើញការពិតពីមូលហេតុនៃការប្រើប្រាស់សារធាតុនេះ អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United ប្រឈមនឹងជាប់បម្រាមមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់រយៈពេល ៤ ឆ្នាំ។
អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនកំលាំង និង ការស៊ូទ្រាំរបស់អត្តពលិក។
រំលឹកថា Paul Pogba បានត្រលប់មកកាន់ Juventus វិញកាលពីខែកក្កដាឆ្នាំ ២០២២ ជាមួយនឹងកិច្ចសន្យា ៤ ឆ្នាំក្រោយចាកចេញពី Manchester United។
តែការវិលវិញរបស់ Pogba មកកាន់ទីក្រុង Turin ត្រូវបានញាំញីដោយសាររបួសភ្លាមៗ និងឈានដល់អវត្តមានពីក្រុមជម្រើសជាតិបារាំងនៅ World Cup 2022 នៅឆ្នាំកាតាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ
