ឈីលី ៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាល និងក្រុមបាតុករកាលពីថ្ងៃចន្ទ (៩ តុលា) អំឡុងពេលការហែក្បួនតវ៉ារបស់ជនជាតិដើមភាគតិច ដែលបានធ្វើឡើងនៅក្នុងទីក្រុង Santiago ប្រទេសឈីលី។ នគរបាលសន្តិសុខបានប្រើកាណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ពួកបាតុករទាំងនោះក៏គប់វត្ថុដាក់នគរបាលជាការតបតវិញផងដែរ។
បាតុករជនជាតិភាគតិចម្នាក់បានអំពាវនាវឱ្យមានការរួបរួមគ្នាដើម្បីបញ្ឈប់គម្រោងវារីអគ្គិសនី គម្រោងរុករករ៉ែ គម្រោងនេសាទ និងអ្វីៗផ្សេងទៀតចេញពីទឹកដីរបស់ពួកគេ។ ជនជាតិភាគតិចម៉ាពូឆេ (Mapuche) ប្រហែល ១,៧លាននាក់រស់នៅក្នុងប្រទេសឈីលី ភាគច្រើននៅតំបន់អារាវកានៀ (Araucania) ដែលជាតំបន់ព្រៃភ្នំភ្លើងគ្របដណ្តប់ដោយព្រិល ចម្ងាយជាង៦០០គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានី Santiago របស់ប្រទេសនេះ។
តំបន់នេះមានអត្រានៃភាពក្រីក្រខ្ពស់ ហើយក្រុមសកម្មជនជនជាតិដើមភាគតិចនិយាយថា ទឹកដីរបស់ពួកគេត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយកសិកម្ម ព្រៃឈើ និងឧស្សាហកម្មផ្សេងទៀត ហើយបានស្ដីបន្ទោសរដ្ឋ ចំពោះការខកខានក្នុងការថែរក្សាសិទ្ធិប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ៕

