ភ្នំពេញ ៖ លោកជំទាវ សូ ភត្ត្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៃបុណ្យភ្ជុំបិណ្ឌ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វេង សាខុន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងធម្មការ និងសាសនា រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន។ លោកជំទាវ សូ ភត្ត្រា លោកជំទាវ លុយ គន្ធី និងក្រុមគ្រួសារព្រមទាំងមន្ត្រីក្រសួងធម្មការ និងសាសនា និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ពិធីវេរប្រគេនចង្ហាន់ គ្រឿងឧបភោគ បរិភោគ ទេយ្យទាន ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ទុកកសាងសមិទ្ធិផលនានាក្នុងវត្ត និងសូមឧទ្ទិសមហាកុសល ជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ត្រូវជាលោកឪពុកបង្កើតរបស់ឯកឧត្តម ចាយ បូរិន ព្រមទាំងឧទ្ទិសនូវផល្លានិសង្ឃជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា រួចផុតពីសង្គ្រាម ដែលបានចែកឋានទៅសូមដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ជាការពិតវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលយើងបានរៀបចំអោយមានឡើងវិញនូវវត្តអារាម មានព្រះសង្ឃគង់នៅដឹកនាំវត្ត ដឹកនាំពុទ្ធបរិស័ទ ក្នុងការស្តារវិស័យព្រះពុទ្ធសាសនាឡើងវិញ ក្នុងនោះវិស័យមួយនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
ក្នុងឱកាសកាន់បិណ្ឌវេនទី១១នេះ លោកជំទាវ សូ ភត្ត្រា និងលោកជំទាវ លុយ គន្ធី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងធម្មការ និងសាសនា រួមជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត សូមប្រគេននូវគ្រឿងឧបភោគ បរិភោគ ទេយ្យទានភេសជ្ជៈ ផ្លែឈើជាច្រើនមុខ និងបច្ច័យ ដល់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គសំរាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ និងកសាង នៅសមិទ្ធិផលនានាក្នុងទីវត្តអារាមកាន់តែរីកចម្រើន។
សូមជម្រាបជូនថា សំរាប់អ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានចាត់ទុកថាពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យធំ ហើយគេតែងតែប្រារព្ធធ្វើឡើងនៅក្នុងរដូវវស្សា មានរយៈពេលចំនួន១៥ថ្ងៃ ពោលចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ៕ អត្ថបទ៖ រដ្ឋា








