ជប៉ុន ៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានជួបសមភាគីវៀតណាមលោក Bui Thanh Son នៅទីក្រុងហាណូយនាថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកស្រី មកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។
អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី លោកស្រី Kamikawa គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីវៀតណាមលោក Vo Van Thuong និងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ផងដែរ ។
វៀតណាម និងជប៉ុន នឹងរៀបចំខួបទំនាក់ទំនងរយៈពេល ៥០ឆ្នាំរបស់ពួកគេ ដែលត្រូវបានប្រារព្ធឡើងដោយដំណើរយាងព្រះរាជទស្សនកិច្ចលើកចុងក្រោយរបស់រជ្ជទាយាទ Akishino និងអគ្គមហេសី Kiko កាលពីខែកញ្ញាកន្លងទៅ ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Kamikawa មកកាន់ប្រទេសវៀតណាម ចាប់តាំងពីលោកស្រី បានឡើងកាន់តំណែងជាប្រមុខការទូតជប៉ុនកាលពីថ្ងៃទី ១៣ ខែកញ្ញាកន្លងទៅ ។
គួរឲ្យដឹងថា ជប៉ុនគឺជាប្រទេសផ្តល់ជំនួយអភិវឌ្ឍផ្លូវការធំបំផុត ជាប្រទេសនាំចូលកម្លាំងពលកម្មធំបំផុតលំដាប់ទី ២ និងជាប្រទេសវិនិយោគបរទេសធំបំផុតលំដាប់ទី ៣ ហើយនិងជាទីផ្សារប្រភពទេសចររបស់ប្រទេសវៀតណាម ។
ជប៉ុនមាននូវការវិនិយោគទុនមានសុពលភាពជាង ៥ពាន់គម្រោងដែលមានតម្លៃជាង ៧០ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាម ស្របពេលដែលវៀតណាម បានវិនិយោគទុន ១៩,៥ពាន់លានដុល្លារលើគម្រោងចំនួន ១០៦នៅក្នុងប្រទេសជប៉ុន ៕

