អាហ្វហ្គានីស្ថាន ៖ បញ្ហាកង្វះទឹកដែលបង្កឡើងដោយការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតទាំងអ្នកស្រុក និងសត្វពាហនៈ នៅក្នុងភូមិដែលរងគ្រោះខ្លាំងបំផុត។
បច្ចុប្បន្នអ្នកភូមិ ដែលនៅរស់រានមានជីវិត កំពុងចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដើម្បីស្វែងរកសាច់ញាតិ មិត្តភក្តិ និងអ្នកជិតខាងដែលនៅតែមិនទាន់កំណត់អត្តសញ្ញាណ។
យោងតាមអ្នកភូមិម្នាក់បានឲ្យដឹងថា មុនពេលមានការរញ្ជួយដីនេះ មានលំនៅឋានប្រហែល១៧០ខ្នង នៅក្នុងភូមិ ហើយឥឡូវនេះផ្ទះទាំងអស់ត្រូវបានបំផ្លាញ ហើយពួកគេត្រូវការទឹកប្រើប្រាស់ជាបន្ទាន់ ខណៈដែលអណ្តូងត្រូវបានកប់បាត់ដោយសារការរញ្ជួយដី។
ការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រចំនួនពីរដង បានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន កាលពីរសៀលថ្ងៃសៅរ៍ ដោយរញ្ជួយដំបូងកើតឡើងនៅម៉ោងប្រហែល ១១:១០នាទី (ម៉ោងក្នុងស្រុក) ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន។
ក្រុមអាជ្ញាធរទីក្រុងហេរ៉ាត់ (Herat) ដែលរងគ្រោះដោយរញ្ជួយដីរបស់ប្រទេសនេះ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងដល់ជិត៣.០០០នាក់ ហើយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្រុកហ្សាន់ដា វ៉ាន់ (Zanda Jan) ក្នុងទីក្រុងហេរ៉ាត់ ដែលភូមិចំនួន១៣ ត្រូវបាន «បំផ្លាញទាំងស្រុង»៕

