ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្ដសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។
អ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានចាត់ទុកថាពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យធំ ហើយគេតែងតែប្រារព្ធធ្វើឡើងនៅក្នុងរដូវវស្សា មានរយៈពេលចំនួន១៥ថ្ងៃ ពោលចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ។ សម្រាប់បុណ្យកាន់បិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺជាអ្នកគោរពប្រណិប័តន៍យ៉ាងខ្ជួននូវពិធីបុណ្យទាំងឡាយ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ហើយក៏ជាអ្នកទ្រទ្រង់ពិធីបុណ្យទាំងឡាយរបស់ជាតិ ឱ្យខ្ពស់ត្រដែតឡើង។ ជាកិច្ចចាប់ផ្តើមនៃពិធីនាព្រឹកមិញនេះ លោកអាចារ្យបានដឹកនាំពិធីតាមបែបពុទ្ធសាសនារបស់ខ្មែរ ដោយការនមស្ការ ព្រះរតនត្រ័យ វេបបាយបិត្តបូរ សមាទានសីល វេរចង្ហាន់ រាប់បាត្រ ជាដើម។
នាឱកាសអញ្ជើញកាន់បិណ្ឌវេនទី១១ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លានោះ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននាំយកចង្ហាន់ និងទេយ្យទានជាច្រើនប្រគេនព្រះសង្ឃ ក៏បានបួងសួង និងឧទ្ទិសមហាកុសល ផលបុណ្យទាំងឡាយ កើតចេញពីពិធីកាន់បិណ្ឌនោះ ជូនទៅដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយ មហាឧបាសិកា ឌី ប៉ុក ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន, ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ លោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលជាប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅ។
តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងបាត់បង់ជីវិត ក្នុងពេលប្រទេសជាតិជួបវិបត្តិនៃភ្លើងសង្គ្រាមផងដែរ។ ក្នុងពិធីកាន់បិណ្ឌវេនទី១១ ប្រកបដោយទឹកចិត្តជ្រះថ្លានាព្រឹកមិញនេះ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រគេនបច្ច័យដល់ព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តសំរោងអណ្ដែតផងដែរ៕ អត្ថបទ រដ្ឋា
