អ៊ីស្រាអែល៖ ក្រុមគណបក្សប្រឆាំងរបស់ប្រទេសអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនឹងបញ្ចប់តំណែងរយៈពេល ១២ឆ្នាំជានាយករដ្ឋមន្ត្រីរបស់លោក Benjamin Netanyahu។

លោក Yair Lapid មេដឹកនាំគណបក្សនិយមកណ្ដាល Yesh Atid បានប្រកាសថា គណបក្សចម្រុះដែលមានបក្សចូលរួមចំនួន ៨ ត្រូវបានបង្កើតឡើង។ គេរំពឹងថា លោក Bennett នឹងក្លាយជានាយករដ្ឋមន្ត្រីមុនលោក Lapid តាមកិច្ចព្រមព្រៀងកាន់តំណែងប្ដូរវេន។ លោក Netanyahu និងគណបក្ស Likud របស់លោក កំពុងអំពាវនាវឲ្យក្រុមអ្នកនយោបាយស្ដាំនិយម កុំចូលរួមជាមួយបក្សចម្រុះនេះ ដែលគេដឹងថា រដ្ឋាភិបាលថ្មីមួយនេះនឹងនៅតែប្រឈម នឹងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនៅសភា មុនពេលអាចស្បថចូលកាន់តំណែង។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលថ្មីនេះ មិនបានឈ្នះការគាំទ្រសំឡេងភាគច្រើនក្នុងសភាមាន ១២០អាសនៈទេនោះ ប្រទេសនេះនឹងឈានទៅរកការបោះឆ្នោតលើកទី៥ ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ៕
អត្ថបទ៖ សុខមាន