
អនុរដ្ឋមន្ត្រីការបរទេសថៃ កាលពីថ្ងៃចន្ទ (ទី៩ ខែតុលា) បានប្រាប់ថា ប្រទេសថៃកំពុងធ្វើការជាមួយប្រទេសហ្ស៊កដានី អេហ្ស៊ីប និងម៉ាឡេស៊ី ដើម្បីធានាឲ្យមានការដោះលែងពលរដ្ឋរបស់ខ្លួន ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង អំឡុងពេលមានកលិយុគ ក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលពលករចំណាកស្រុកថៃជាង ១.០០០នាក់ ដែលជាប់ក្នុងជម្លោះនោះ ចង់វិលត្រឡប់មកមាតុប្រទេសវិញ។
រដ្ឋាភិបាលថៃបានឲ្យដឹងថា ជនជាតិថៃជាច្រើននាក់ត្រូវបានសម្លាប់ ៩នាក់បានរងរបួស និង ១១នាក់ទៀតត្រូវបានចាប់ខ្លួន នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានសម្រុកចូលតាមរបងព្រំដែនពីតំបន់ហ្គាហ្សា ហើយធ្វើការបាញ់រះ រហូតសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ៧០០នាក់។
មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង និងនាំទៅកាន់តំបន់ហ្គាហ្សា ជាទឹកដីឆ្នេរសមុទ្រដ៏តូចមួយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ ពលករថៃមួយចំនួនកំពុងលាក់ខ្លួនក្នុងលេណដ្ឋាន នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយរង់ចាំការជួយសង្គ្រោះ។
លោក Jakkapong Sangmanee បាននិយាយ អំឡុងសន្និសីទសារព័ត៌មានថា៖ «យើងកំពុងសម្របសម្រួលជាមួយបណ្តាប្រទេស ដែលមានទំនាក់ទំនងជាមួយក្រុម ដែលបានចាប់ជនជាតិរបស់យើងធ្វើជាចំណាប់ខ្មាំង ដើម្បីចរចាឲ្យមានដោះលែងពួកគេ»។
ដោយមិនបានបញ្ជាក់អ្វីលម្អិតបន្ថែម លោក Jakkapong បានប្រាប់ថា ការចរចាឆ្ពោះទៅរកការធានាឲ្យមានការដោះលែងចំណាប់ខ្មាំងថៃនេះ «មានភាពវិជ្ជមានខ្លាំង»។ លោកបាននិយាយថា ជនជាតិថៃប្រហែល ១.៤០០នាក់ បានចុះឈ្មោះសុំជម្លៀសខ្លួន ដោយបន្ថែមថា ក្រុមដំបូងដែលត្រូវត្រឡប់មកប្រទេសវិញ នឹងជាក្រុមអ្នករងរបួស៕