
ទីភ្នាក់ងារអវកាសរបស់ប្រទេសកូរ៉េខាងជើង និយាយថា ផ្កាយរណបស៊ើបការណ៍យោធាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ការធានាបានផលប្រយោជន៍សន្តិសុខរបស់ប្រទេស។ ការអត្ថាធិប្បាយនេះ ធ្វើឡើងខណៈទីក្រុងព្យុងយ៉ាង មានផែនការដាក់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួនចូលទៅកាន់គន្លងតារាវិថីនៅខែនេះ ក្នុងគោលបំណងជាក់ស្តែងដើម្បីតាមដានសហរដ្ឋអាមេរិក។ ឯកសារដោយអ្នកស្រាវជ្រាវរបស់រដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ ត្រូវបាននាំយកមកដោយទីភ្នាក់ងារព័ត៌មានកណ្តាលរដ្ឋកូរ៉េនៅថ្ងៃអង្គារនេះ។ នេះជាការអត្ថាធិប្បាយលើកដំបូង ដែលធ្វើឡើងដោយទីភ្នាក់ងារអវកាស ចាប់តាំងពីវាត្រូវបានធ្វើឱ្យប្រសើរឡើងពីរដ្ឋបាលអភិវឌ្ឍន៍អវកាសជាតិ ដោយផ្អែកលើការសម្រេចចិត្ត ធ្វើឡើងនៅសភាប្រជាជនជាន់ខ្ពស់កាលពីខែមុន។ ឯកសារនេះនិយាយសំដៅទៅលើជំនួបរវាងរដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក Kihara Minoru និងឧត្តមសេនីយ៍ Chance Saltzman ប្រធានប្រតិបត្តិការអវកាសនៃកងកម្លាំងអវកាសអាមេរិកកាលពីខែមុន។ ភាគីទាំងពីរ បានព្រមព្រៀងធ្វើការកាន់តែជិតស្និទ្ធក្នុងវិស័យសន្តិសុខអវកាស។ ឯកសារបាននិយាយថា «គោលបំណងពិតប្រាកដ ដែលអាមេរិកបានស្វែងរកគឺដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតសម្រាប់ការវាយប្រហារជាមុនលើបណ្តាប្រទេសក្នុងតំបន់ ដោយប្រើប្រាស់លំហអាកាសដើម្បីធានាបាននូវផ្នែកយោធារបស់ខ្លួនទៅលើប្រទេសកូរ៉េខាងជើង ចិន រុស្ស៊ី និងប្រទេសមហាអំណាចក្នុងតំបន់ផ្សេងទៀត។
ឯកសារបានសរសេរថា «ការអភិវឌ្ឍន៍អវកាស រួមមានទាំងផ្កាយរណបស៊ើបការណ៍យោធា គឺជាជម្រើសយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន សម្រាប់ការធានាផលប្រយោជន៍សន្តិសុខ និងសិទ្ធិក្នុងការរស់នៅ របស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបបែបនេះក្នុងខែនេះ។ ការបាញ់បង្ហោះនេះ ធ្វើឡើងបន្ទាប់ពីការបាញ់បង្ហោះមុនៗកាលពីខែឧសភា និងខែសីហា ដែលទាំងពីរលើកបានបញ្ចប់ទៅដោយភាពបរាជ័យ។