
សហភាពអឺរ៉ុប (EU) បានត្រឡប់ចូលទៅកាន់ផ្លូវច្របូកច្របល់វិញហើយ កាលពីថ្ងៃចន្ទ (ទី៩ ខែតុលា) ដោយប្រកាសថា ការផ្ដល់ជំនួយដល់ប៉ាឡេស្ទីន ត្រូវបានផ្អាក ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើប្រទេសអ៊ីស្រាអែល ដោយក្រុមហាម៉ាស បន្ទាប់ពីបណ្តាប្រទេសសហភាពអឺរ៉ុប បានត្អូញត្អែរថា មេដឹកនាំរបស់ប្លុកនេះ បានធ្វើហួសពីព្រំដែនរបស់ខ្លួន។
ភាពច្របូកច្របល់បានចាប់ផ្តើមមានឡើង បន្ទាប់ពីលោក Oliver Varhelyi មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់សហភាពអឺរ៉ូប (EU) បាននិយាយថា គណៈកម្មការអឺរ៉ុប កំពុងពិចារណាឡើងវិញលើជំនួយអភិវឌ្ឍន៍ទាំងអស់របស់ខ្លួន សម្រាប់ប៉ាឡេស្ទីន ដែលមានតម្លៃ ៦៩១លានអឺរ៉ូ (៧២៩លានដុល្លារ)។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X លោក Varhelyi ដែលមានសញ្ជាតិហុងគ្រី និងតួនាទីជាស្នងការអឺរ៉ុប ផ្នែកទំនាក់ទំនងប្រទេសជិតខាង និងទទួលបន្ទុករដ្ឋចំណូលថ្មី ក៏បាននិយាយផងដែរថា ចំនួនជំនួយទាំងអស់ត្រូវបាន «ផ្អាកភ្លាមៗ»។
សេចក្តីប្រកាសនេះ បានធ្វើឲ្យមានការព្រួយបារម្ភ ក្នុងចំណោមរដ្ឋាភិបាលជាច្រើន ដែលបានព្រមានប្រឆាំងនឹងការកាត់ជំនួយ ដែលប៉ះពាល់ដល់ជនស៊ីវិលប៉ាឡេស្ទីន ហើយបានចោទសួរថា តើគណៈកម្មាធិការមានសិទ្ធិអំណាច ក្នុងការសម្រេចបែបនេះដែរ ឬទេ៕