
ប្រធានាធិបតី ទួរគី លោក Recep Tayyip Erdogan បានសន្ទនាតាមទូរស័ព្ទអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog និងមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas ។
លោក Erdogan បានថ្លែងសុន្ទរកថា នៅក្នុងរដ្ឋធានីអង់ការ៉ា កាលពីថ្ងៃចន្ទបន្ទាប់ពីបានដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីដោយលោកបាននិយាយថា ប្រទេសទួរគី ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាអ្នកសម្រុះសម្រួលបញ្ចប់ជម្លោះ ប្រសិនបើភាគីទាំងពីរធ្វើសំណើបែបនេះ រួមទាំងការដោះដូរចំណាប់ថ្នូរ។ លោកបានជំរុញឲ្យភាគីទាំងពីរអនុវត្តភាពអត់ធ្មត់។
ប៉ុន្តែគ្មានភាគីណាមួយ បានបង្ហាញពីជំហានឈានទៅរកបទឈប់បាញ់នោះទេ។ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា នេះពុំមែនជាពេលសម្រាប់ការចរចា ឬការសម្រុះសម្រួលទេ ខណៈអ៊ីស្រាអែលនៅតែព្យាយាមធានាឲ្យបាននៅព្រំដែនរបស់ខ្លួន។
ក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា ក្រុមនេះនឹងមិនចរចាលើចំណាប់ថ្នូរអ៊ីស្រាអែលឡើយ ខណៈវាកំពុងស្ថិតនៅក្នុងការបាញ់ប្រហារ។
លោក Erdogan ក៏បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi និង ប្រមុខរដ្ឋកាតា លោក Tamim Bin Hamad Al-Thani កាលពីថ្ងៃចន្ទ។