
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន នឹងធ្វើការស្ទង់មតិគំរូទូទាំងប្រទេស នៅក្នុងខែវិច្ឆិកា ដើម្បីជួយរៀបចំផែនការគោលនយោបាយប្រជាជនឲ្យកាន់តែប្រសើរឡើង ក្នុងការស្ទង់មតិ ដែលមិនរំពឹងទុកមួយ ខណៈដែលអាជ្ញាធរប្រឹងប្រែងក្នុងការជំរុញអត្រាកំណើតរបស់ប្រទេស ដែលកំពុងតែធ្លាក់ចុះ។
ដោយមានការព្រួយបារម្ភអំពីការធ្លាក់ចុះចំនួនប្រជាជនជាលើកដំបូងរបស់ប្រទេសចិន ក្នុងរយៈពេល ៦ទសវត្សរ៍ និងការមានវ័យចំណាស់យ៉ាងឆាប់រហ័សរបស់ប្រជាជនខ្លួន ទីក្រុងប៉េកាំងកំពុងព្យាយាមជាបន្ទាន់ឲ្យមាននូវវិធានការណ៍មួយចំនួន ដើម្បីលើកកម្ពស់អត្រាកំណើតរបស់ប្រទេស រួមទាំងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងជំរុញឲ្យមានកន្លែងថែទាំកុមារផងដែរ។
វិសាលភាពនៃការស្ទង់មតិលើបម្រែបម្រួលចំនួនប្រជាជននេះ នឹងផ្តោតលើតំបន់ជាយក្រុង និងជនបទទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារនេះ។
ប្រទេសនេះបានរាយការណ៍ពីការធ្លាក់ចុះនៃចំនួនប្រជាជនប្រហែល ៨៥០.០០០នាក់ សម្រាប់ប្រជាជនចំនួន ១,៤១ពាន់លាននាក់ ក្នុងឆ្នាំ២០២២ ដែលជាការធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៦១៕