
រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ពួកគេនឹងបញ្ជូនយន្តហោះដើម្បីដឹកជញ្ជូនជនជាតិរបស់ខ្លួនវិលត្រឡប់មកកាន់ប្រទេសវិញ ពីប្រទេសអ៊ីស្រាអែល ស្របពេលមានការវាយប្រហារមកលើប្រទេសមួយនេះ ដោយក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស់ ។
ក្រុមចំណាប់ថ្នូរដែលមិនទាន់ដឹងតួលេខ ត្រូវបានចាប់យកដោយក្រុមហាម៉ាស់ ក្រោយពួកគេបើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលនៅអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ។
រដ្ឋមន្រ្តីការបរទេសម៉ិកស៊ិកលោក Alicia Barcena និយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋម៉ិកស៊ិកចំនួន ២នាក់ ត្រូវបានគេជឿថា ស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានគេចាប់ធ្វើជាចំណាប់ថ្នូរ ។
ដោយឡែក ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ជើងហោះហើរមនុស្សធម៌ ២វ៉ុល នឹងធ្វើដំណើរទៅទទួលយកជនជាតិម៉ិកស៊ិកដែលត្រូវការការចាកចេញពីអ៊ីស្រាអែល ។
លោក Lopez Obrador និយាយទៀតថា នេះគឺជាស្ថានភាពធ្ងន់ធ្ងរបំផុត ។ ការថ្កោលទោសកាន់តែខ្លាំង គឺជាអ្វីដែលត្រូវការ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយត្រូវមានការជជែកដេញដោលបន្ថែមទៀត ដើម្បីជៀសផុត អំពើហិង្សា និងការប្រឈមដាក់គ្នាបែបនេះ ។
សូមបញ្ជាក់ថា ជនជាតិម៉ិកស៊ិកប្រហែល ៥ពាន់នាក់ បានស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ហើយមនុស្ស ៣០០នាក់ បានស្នើសុំចាកចេញពីប្រទេសមួយនេះ ៕