បាត់ដំបង ៖ ខណៈបានរកឃើញជាបន្តបន្ទាប់នៃអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកកំរៀង ដើម្បីទប់ស្កាត់ការឆ្លង រាលដាលកាន់តែខ្លាំង រដ្ឋបាលខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន សម្រេចដាក់បម្រាមគោចរ និងរឹតត្បិត មូលដ្ឋានអាជីវកម្មលក់អាហារ នៅទីប្រជុំជនក្នុងស្រុកមួយនេះ រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងស្រុកកំរៀង ត្រឹមរយៈ ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ខែមិថុនា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៨នាក់ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
សេចក្តីសម្រេច បានបន្តថា បម្រាមគោចរ គឺចាប់ពីម៉ោង១០យប់ ទៅម៉ោង៥ព្រឹក ចំពោះការធ្វើដំណើរចេញចូលតាមគ្រប់មធ្យោបាយ លើកលែងតែរថយន្តដឹកទំនិញក្នុងការនាំចេញ និងចូលទំនិញ ចំណុចច្រកទ្វារព្រំដែនអន្តរជាតិដូង។ មិនអនុញ្ញាតឲ្យមូលដ្ឋានលក់អាហារ ដូចជា ភោជនីយដ្ឋាន ហាងកា ហ្វេ ហាងភេសជ្ជៈ និងទីតាំងលក់អាហារតាមដងផ្លូវសាធារណៈ ទទួលអតិថិជនចូលមកទទួលទាននៅនឹង កន្លែង ប៉ុន្តែអាចលក់ជាលក្ខណៈវេចខ្ចប់បាន។ ករណីមានមូលដ្ឋានអាជីវកម្មលក់អាហារណាមួយ ដែល មិនអនុវត្តតាមសេចក្តីសម្រេចនេះ នឹងត្រូវដកហូតលិខិតអនុញ្ញាតបើកអាជីវកម្ម ឬធ្វើការបិទអាជីវកម្ម ។
ក្នុងសេចក្តីសម្រេចមួយទៀត ក្នុងថ្ងៃទី២ ខែមិថុនានោះ រដ្ឋបាលខេត្តបាត់ដំបង បានបិទខ្ទប់ បណ្ដោះអាសន្ននូវទីតាំងចំនួន១៧កន្លែង ក្នុងឃុំចំនួន៣ នៃស្រុកកំរៀង មាននៅឃុំបឹងរាំង ឃុំកំរៀង និង ឃុំអូរដា បន្ទាប់ពីទីតាំងទាំងអស់នោះ បានរកឃើញមុខសញ្ញា ដែលមានវិជ្ជមានកូវីដ-១៩ មកពីខេត្តប៉ៃលិន ចំនួន៦៨នាក់ ដែលការបិទនេះ រហូតដល់មានការសម្រេចជាថ្មី ។
ប្រភព បានបន្តថា ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ និងដោយប្រយោល ជាមួយទី តាំងខាងលើ ត្រូវទៅជួប ឬជូនដំណឹងដល់ក្រុមការងារមន្ត្រីសុខាភិបាលខេត្តបាត់ដំបង ដើម្បីយកសំណាក ទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១តទៅ ។
ពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ-១៩ មកពីខេត្តប៉ៃលិននេះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានបិទខ្ទប់ទីតាំងផ្ទះ ចំនួន៤ខ្នង នៅស្រុកភ្នំព្រឹក បន្ទាប់ពីប៉ះពាល់ជាមួយអ្នកឆ្លងកូវីដ-១៩ ហើយក៏អំពាវនាវ ដល់អ្នកធ្លាប់ បាន ប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយស្ត្រីខាងលើ មកធ្វើសំណាក ដើម្បីតេស្តរកជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២ខែមិថុនា ។
គួរបញ្ជាក់ថា ចាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៣០៣នាក់ បានព្យាបាលជាសះស្បើយ ចំនួន១០៥នាក់ ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៩៦នាក់ ៕
អត្ថបទ៖ បាន សុខរិទ្ធ



