
សមាជិកនៃសហជីពអ្នកនិពន្ធអាមេរិក (WGA) បានព្រមព្រៀងលើកិច្ចសន្យាថ្មីរយៈពេល ៣ឆ្នាំជាមួយស្ទូឌីយោធំៗ កាលពីថ្ងៃចន្ទ (ទី៩ ខែតុលា) ពោលគឺមានរយៈពេល ៥ខែបន្ទាប់ពីសហជីព បានធ្វើកូដកម្ម ដែលបានធ្វើឲ្យផលិតកម្មភាពយន្ត និងទូរទស្សន៍របស់ក្រុមហ៊ុនហូលីវូដធ្លាក់ក្នុងភាពចលាចល។
សហជីព WGA បានឲ្យថា ៩៩ភាគរយនៃសំឡេងឆ្នោតប្រហែល ៨.៥០០សំឡេង បានគាំទ្រកិច្ចព្រមព្រៀងនេះ ដែលផ្តល់នូវការដំឡើងប្រាក់ខែ ការការពារមួយចំនួនជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ប្រធានសហជីព WGA West លោកស្រី Meredith Stiehm បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដោយការរួបរួមគ្នា យើងអាចសម្រេចបាននូវអ្វី ដែលមនុស្សជាច្រើនបាននិយាយថា មិនអាចទៅរួចនោះទេ កាលពី ៦ខែមុន»។
យ៉ាងណាក្ដី ការបោះឆ្នោតនេះនៅមិនទាន់បញ្ចប់ភាពតានតឹងផ្នែកការងារ ក្នុងក្រុមហ៊ុនហូលីវូដទាំងស្រុងនោះដែរ។ សមាជិកនៃសហជីពតារាសម្ដែង SAG-AFTRA បានឈប់ពីការងារ កាលពីខែកក្កដា ហើយកំពុងជួបអ្នកចរចាស្ទូឌីយោម្តងទៀត កាលពីថ្ងៃចន្ទ ដើម្បីស្វះស្វែងរកការឈានដល់កិច្ចព្រមព្រៀងមួយ។
សូមបញ្ជាក់ថា កូដកម្មរយៈពេលជាច្រើនខែនៃឧស្សាហកម្មកម្សាន្តនេះ គឺជាបញ្ហាប្រឈមផ្នែកការងារដ៏ធំបំផុតមួយ នៅទូទាំងសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ សម្រាប់ក្រុមហ៊ុននានា រាប់ចាប់ពីដឹកជញ្ជូន UPS (UPS.N) រហូតដល់ក្រុមហ៊ុនផលិតរថយន្ត Detroit៕