
វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ បានប្រតិកម្មចំពោះចលនានៃក្រុមវាយប្រហារតាមនាវាអាមេរិកដែលខិតទៅជិតអ៊ីស្រាអែល ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា ខ្លួនមើលឃើញថាមាន «ហានិភ័យខ្ពស់» នៃភាគីទីបីដែលចូលក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌ្មីទ្រី ប៉េស្កូវ ( Dmitry Peskov) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASSថា៖«ហានិភ័យ គឺខ្ពស់ដែលភាគីទីបីនឹងចូលរួមក្នុងជម្លោះនេ។ វាជារឿងសំខាន់ណាស់ក្នុងការស្វែងរកមធ្យោបាយឆ្ពោះទៅរកការចរចាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបន្ធូរបន្ថយភាពតានតឹងនិងជៀសឲ្យឆ្ងាយពីកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះដោយមធ្យោបាយយោធា»។
លោកប៉េស្កូវ បានថ្លែងប្រាប់សារព័ត៌មានTASSថា តំបន់មជ្ឈិមបូព៌ា «តែងតែជាកន្លែងដែលផលប្រយោជន៍នៃប្រទេសមួយចំនួន មានទំនាក់ទំនងគ្នា ហើយប្រទេសទាំងនេះ តែងតែមិនមានឥទ្ធិពលវិជ្ជមានលើស្ថានភាពក្នុងតំបន់នោះទេ»។ «មានតុល្យភាពនៃផលប្រយោជន៍ដ៏ស្មុគស្មាញ ក៏ដូចជាតុល្យភាពរវាងសិទ្ធិនៃប្រទេសនានា ដែលត្រូវគោរព និងសន្តិសុខរបស់ពួកគេ ដែលចាំបាច់ត្រូវធានាឲ្យបាន»។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា វិមានក្រឹមឡាំងកំពុង«តាមដានយ៉ាងជិតហ្មត់ចត់» លើជម្លោះក្នុងប្រទេសអ៊ីស្រាអែល ដោយបន្ថែមថា «ស្ថានភាពនេះ កំពុងឆ្ពោះទៅរកការកើនឡើងបន្ថែមទៀត»។