
ក្រុមអ្នកគាំទ្រអ៊ីស្រាអែល នៅអាមេរិកខាងត្បូង បានជួបជុំគ្នានៅទីក្រុង Buenos Airesរបស់ប្រទេសអាហ្សង់ទីន និងទីក្រុង Santiagoរបស់ប្រទេសឈីលី ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេជាមួយរដ្ឋជ្វីហ្វ រយៈពេល ៣ថ្ងៃក្រោយអ៊ីស្រាអែល រងការវាយប្រហារដោយក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ ។
នៅទីក្រុង Buenos Aires មនុស្សរាប់ម៉ឺននាក់ បានចូលរួមពិធីស្មឹងស្មាធិ៍ រៀបចំឡើងដោយសហគមន៍ជ្វីហ្វអាហ្សង់ទីន ដោយកាន់ចង្កៀងគោម និងទង់ជាតិអ៊ីស្រាអែល ។
ដោយឡែក សហគមន៍ជ្វីហ្វ នៅទីក្រុង Santiago ដែលជារដ្ឋធានីរបស់ប្រទេសឈីលី បានជួបជុំគ្នានៅទីស្នាក់ការកណ្តាលសហគមន៍ជ្វីហ្វអ៊ីស្រាអែល ហើយនិងបានបង្ហោះប៉េងប៉ោងពណ៌ខៀវ និងស. ដើម្បីអំពាវនាវឲ្យបញ្ចប់ជម្លោះ ។
ខណៈពេលនោះដែរ ជនប៉ាឡេស្ទីន នៅប្រទេសឈីលី បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ មេត្តាជួយបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ស្របពេលដែលក្មេងៗលាបដៃពណ៌ក្រហម ដើម្បីតំណាងឲ្យជនស៊ីវិលស្លាប់អំឡុងពេលជម្លោះនៅតំបន់ហ្គាហ្សា ។
សូមបញ្ជាក់ថា ការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ រយៈពេល ៣ថ្ងៃកន្លងមកនេះ បានសម្លាប់មនុស្សជាង ១.៦០០នាក់ នៅភាគីទាំងសងខាង ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត រងរបួស ៕