អ៊ីស្រាអែលបានប្តេជ្ញាបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ជាមួយនឹងការវាយលុកតាមដីគោក ខណៈចំនួនអ្នកស្លាប់ពីភាគីទាំងសងខាងឡើងដល់ជាង ២.០០០នាក់ ហើយស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាគាំទ្រអ៊ីស្រាអែល និងបានចេញការព្រមានដល់នរណាម្នាក់ ដែលព្យាយាមស្វែងរកផលប្រយោជន៍ពីស្ថានភាពដ៏លំបាកនេះ។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស នៅទូទាំងតំបន់ហ្កាហ្សាពេញមួយយប់រហូតដល់ថ្ងៃពុធ (១១ តុលា) នេះ ដោយជាការទម្លាក់គ្រាប់បែកសងសឹក ដែលក្រសួងសុខាភិបាលរបស់តំបន់ហ្គាហ្សានិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩០០នាក់ក្នុងទឹកដីខ្លួន និងអ្នករបួសជាង ៤.៦០០នាក់ ហើយបានបន្តធ្វើការវាយប្រហារនៅក្នុងតំបន់ឆ្នេរ ដែលមានមនុស្សច្រើន។
កាលពីថ្ងៃសៅរ៍ ខ្មាន់កាំភ្លើងក្រុមហាម៉ាស មកពីតំបន់ហ្គាហ្សា ស្ទ្រីប បានវាយលុកឆ្លងកាត់ផ្នែកខ្លះនៃភាគខាងត្បូងប្រទេសអ៊ីស្រាអែល នៅក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
ស្ថានទូតអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ពួកហាម៉ាស កាលពីចុងសប្តាហ៍បានកើនលើស១.០០០នាក់ ហើយសម្រាប់ភាគីអ៊ីស្រាអែល ប៉ុន្តែទូរទស្សន៍សាធារណៈ Kan បានរាយការណ៍ថា តួលេខនេះបានឈានដល់ ១.២០០នាក់ហើយ។
ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលចាប់ទាហានអ៊ីស្រាអែល និងជនស៊ីវិលជាចំណាប់ថ្នូរកាលពីថ្ងៃចន្ទ បានគម្រាមប្រហារជីវិតចំណាប់ថ្នូរម្នាក់សម្រាប់ផ្ទះនីមួយៗនៅក្នុងតំបន់ហ្គាហ្សា ដែលរងការវាយប្រហារដោយគ្មានការព្រមាន ប៉ុន្តែរហូតដល់យប់ថ្ងៃអង្គារ មិនមានការចង្អុលបង្ហាញណាមួយថាពួកគេបានធ្វើដូច្នេះឡើយ៕


