ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន ( Tayyip Erdogan) បានពិភាក្សាអំពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដោយវិមានក្រឹមឡាំង បាននិយាយថា ការផ្តោតជាសំខាន់ គឺទៅលើបទឈប់បាញ់ជាបន្ទាន់ និងការបន្តការចរចាឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ប្រធានាធិបតីទួរគីរូបនេះ បាននិយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីវិធានការ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង និងការផ្តួចផ្តើមគំនិតក្នុងការផ្តល់ជំនួយមនុស្សធម៌។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានសម្តែងការសោកស្តាយចំពោះ«ការកើនឡើងដ៏មហន្តរាយនៃការស្លាប់ក្នុងចំណោមជនស៊ីវិល»។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ជម្លោះអាចត្រូវបានដោះស្រាយបានតែលើមូលដ្ឋាននៃផែនការ «រដ្ឋពីរ» ជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់ទួរគី បាននិយាយថា ទីក្រុងអង់ការ៉ា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាបាននូវភាពស្ងប់ស្ងាត់ នៅក្នុងតំបន់។ ចំណែកវិមានក្រឹមឡាំង បាននិយាយថា ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ នឹងនៅបន្ត។

