យោធារបស់ប្រទេសអេហ្ស៊ីប បានចុះទៅកាន់ទីតាំងថ្មីនៅជិតព្រំដែនរវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា ហើយកំពុងធ្វើការល្បាតដើម្បីត្រួតពិនិត្យតំបន់នោះ ខណៈការវាយប្រហារខិតជិតដល់ច្រកព្រំដែនរបស់ខ្លួន នេះបើយោងតាមលោក Ahmed Salem មកពីមូលនិធិសិទ្ធិមនុស្សស៊ីណៃ (Sinai) បាននិយាយកាលពីថ្ងៃអង្គារ (១០ តុលា) ។

ក្រុមមន្ត្រីតំបន់ហ្គាហ្សា និងប្រភពសន្តិសុខអេហ្ស៊ីប បាននិយាយថា ប្រទេសអេហ្ស៊ីបកំពុងធ្វើប្រតិបត្តិការដើម្បីការពារការជនភៀសខ្លួនយ៉ាងច្រើន ចេញពីតំបន់ហ្គាហ្សា ស្ទ្រីប ចូលទៅក្នុងឧបទ្វីបស៊ីណៃរបស់ខ្លួន ខណៈដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបញ្ឈប់ការធ្វើដំណើរឆ្លងកាត់នៅចំណុចច្រកចេញតែមួយគត់ពីដែនដីហ៊ុមព័ទ្ធប៉ាឡេស្ទីន។

ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺមានគ្រោះថ្នាក់ខ្លាំងណាស់ និងមានផលវិបាកដែលអាចប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
លោក Sisi បន្ថែមថា អេហ្ស៊ីបសង្ឃឹមថាមានដំណោះស្រាយចរចាចំពោះបញ្ហាប៉ាឡេស្ទីន ដែលនាំទៅរកសន្តិភាព និងការបង្កើតរដ្ឋប៉ាឡេស្ទីនឡើងវិញ។
ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបាននិយាយថា ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសអេហ្ស៊ីប ដែលបានជំរុញឱ្យអ៊ីស្រាអែល ផ្តល់ផ្លូវធ្វើដំណើរមានសុវត្ថិភាពសម្រាប់ជនស៊ីវិលពីតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាជាងការលើកទឹកចិត្តឱ្យពួកគេភៀសខ្លួនពីភាគនិរតីឆ្ពោះទៅកាន់ឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប៕