ភ្នំពេញ៖ គណបក្សខ្មែរតែមួយ នៅថ្ងៃទី១១ តុលា ឆ្នាំ ២០២៣នេះ បានចេញលិខិត ប្រកាសថា មានគោលបំណងធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ព្រមទាំងរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលបានកើតឡើងតាមរយៈការបោះ ឆ្នោតក្នុងអាណត្តិនីមួយៗ។
សេចក្ដីប្រកាសបានបញ្ជាក់ថា គណបក្សខ្មែរតែមួយ មានគោលនយោបាយស្រដៀងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងជាពិសេស “តម្លៃសន្តិភាព" គឺជាវត្ថុបំណងរួមរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវការ ចូលរួមការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីរក្សាស្ថិរភាពនយោបាយ និងធ្វើឱ្យប្រទេសកម្ពុជា បន្តការអភិវឌ្ឍរីកចម្រើនជាលំដាប់។
គណបក្សខ្មែរតែមួយក៏បានអំពាវនាវដល់គណបក្សនយោបាយនានា ដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងក្រសួងមហាផ្ទៃ សូមចូលរួមបង្កើតសម្ព័ន្ធភាពជាមួយគណ បក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ឆ្ពោះទៅថ្ងៃអនាគត៕

