ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។
នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំសភាពប្រទេសទាំងពីរវាយតម្លៃខ្ពស់ពោះសមិទ្ធផលជាច្រើននៅគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ក្រោយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាព ដែលមានតាំងពីយូរមកហើយនោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនៃមិត្តភាពយូរអង្វែងនេះហើយ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ។
សម្តេច មានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើន ទាំងក្នុងក្រប ខណ្ឌទ្វេភាគីនិងពហុភាគី។ ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេសបានរក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភានៃប្រទេសទាំងពីរ ឆ្លើយតបទៅ នឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។
ឯកឧត្តម វឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ឯកឧត្តម បានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រពីបក្សនិងរដ្ឋវៀតណាម ឯកឧត្តម នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើងដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងវៀតណាមបានសន្យារួមគ្នានៅក្នុងការបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំណុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ នៅក្នុងនោះ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្ត្រីឱ្យមានសកម្មភាពឡើង។ រដ្ឋសភាប្រទេសទាំងពីរ បន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកា អន្តរសភា ទាំងនៅក្នុងតំបន់និងសកលលោក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿង ឌីញ ហ្វេ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលបោះបង្គោលព្រំដែនប្រទេសទាំងពីរសម្រេចបាន៨៤% ហើយសង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងសម្រេច ការងារដែលនៅសេសសល់ប្រមាណ១៦%ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាជនយើងទាំងពីរ។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយថវិកាប្រមាណ ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះ គម្រោងបានកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស។ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជា នឹងគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕